រាជធានីភ្នំពេញ ៖ បុរសជនបរទេសម្នាក់បានរងរបួសធ្ងន់ និងយុវជនម្នាក់រងរបួសបាក់ភ្លៅឆ្វេងធ្ងន់ធ្ងរ នៅក្នុងករណីគ្រោះថា្នក់ចរាចរណ៍ម៉ូតូបុកម៉ូតូ ដែលបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤៥នាទី យប់ថ្ងៃទី២១ កុម្ភៈ ២០១៤ តាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវ២៩៤ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូហុងដាធុនធំ ១គ្រឿង ពណ៌ក្រហមលាយស អត់មានស្លាកលេខ បើកបរដោយបុរសជនបរទេសម្នាក់ បានធ្វើដំណើរតាមផ្លូវលេខ៥១ ទិសដៅពីជើងត្បូង លុះមកដល់ចំណុចផ្លូវកែង ក៏មានម៉ូតូវីវ៉ា ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BT-0132 ជិះដោយយុវជនម្នាក់ ធ្វើដំណើរតាមផ្លូវ២៩៤ ទិសដៅពីលិចទៅកើត បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង ២នាក់។
ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរត្រូវគេបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជន ចំណែកម៉ូតូទាំង ២គ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែង និងនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ៕
ចែករំលែកព័តមាននេះ