រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះ១គ្រឿងដឹកសាច់ប៉ាតេយកទៅដាក់ឲ្យម៉ូយ ជាអកុសលធ្លាក់ចូលជង្ហុក បណ្ដាលឲ្យដួលរងរបួសស្រាល ហើយភ្លាមៗនោះគាត់ក្រោកមិនទាន់រួចឡើយ ហើយហេតុតែចង់រស់បានខំលើកដៃជាសញ្ញាដើម្បីឃាត់រថយន្តដែលបើកតាមផ្លូវនោះឲ្យឈប់ កុំឲ្យបុកគាត់ថែម ។ ខណៈរថយន្តមួយចំនួនឈប់ ស្រាប់តែមានរថយន្ត១គ្រឿងបើកលឿនទៅដល់បុកនិងកិនជនរងគ្រោះរូបនោះ បណ្ដាលឲ្យបែកក្បាលទាំងពាក់មួកសុវត្ថិភាពស្លាប់ភ្លាមៗនៅនឹងកន្លែង រួចរថយន្តបង្កបានបន្ថែមល្បឿនគេចបាត់ស្រមោល នេះបើតាមការប្រាប់ឲ្យដឹងពីប្រជាពលរដ្ឋ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ១០៤ សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសរងគ្រោះខាងលើឈ្មោះយន ប៊ុនថន អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សាច់ញាតិបាននិយាយថា នៅវេលាព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានក្រោកពីព្រលឹមជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ព៍ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FQ-8285 ចេញពីសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ដើម្បីដឹកសាច់ប៉ាតេយកទៅដាក់ឲ្យម៉ូយនៅម្តុំផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជួបគ្រោះអកុសលរហូតដល់ស្លាប់បែបនេះតែម្ដង ។
ដោយឡែកប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញបុរសរងគ្រោះជិះម៉ូតូធ្វើដំណើរតាមផ្លូវលេខ១០៤ ក្នុងទិសដៅពីកើតទៅលិច លុះពេលដល់ចំណុចកើតហេតុ បានធ្លាក់ចូលជង្ហុកបណ្តាលឲ្យដួលរងរបួសស្រាល ។ ពេលនោះមានរថយន្តច្រើនគ្រឿងបើកតាមផ្លូវនោះដែរ ហើយជនរងគ្រោះមិនអាចក្រោករួចភ្លាមៗឡើយ និងដោយខ្លាចរថយន្តបុកគាត់ថែមទៀតនោះ បុរសរងគ្រោះក៏បានលើកដៃសុំឲ្យរថយន្តឈប់ ។
ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា ពេលឃើញបែបនេះរថយន្តមួយចំនួនបានឈប់ ស្រាប់តែមានរថយន្តចាំម៉ាក១គ្រឿងបើកក្នុងទិសដៅស្របគ្នា និងក្នុងល្បឿនលឿនទៅដល់បុកនិងកិន បណ្ដាលឲ្យបុរសនោះបែកក្បាលបែកទាំងមួកសុវត្ថិភាពស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង ។ បន្ទាប់មករថយន្តបង្កបានបន្ថែមល្បឿនកាន់តែលឿនគេចបាត់ដោយសុវត្ថិភាព ហើយក្រោយពេលកើតហេតុនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ បានចុះទៅពិនិត្យនិងវាស់វែងនៅទីតាំងកើតហេតុខាងលើ ហើយធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕








ចែករំលែកព័តមាននេះ