រាជធានីភ្នំពេញ ៖ យុវជន០២នាក់ ជិះម៉ូតូចេញពីរោងចក្រសិប្បកម្មបោចមាន់ ទៅទិញបាយហូប ខណៈឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ បានទាក់ដៃចង្កូតជាមួយរថយន្ត រេទៅបុកបង្កាន់ដៃស្ពាន បណ្តាលឱ្យបាក់ក៎ស្លាប់ភ្លាមៗម្នាក់ និងម្នាក់ទៀតរងរបួសស្រាល ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ នឹង ៣០នាទីថ្ងៃត្រង់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៥ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ដែលស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពរងគ្រោះខាងលើមានឈ្មោះ សាន្ត ឡិប អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីពលរដ្ឋជាអ្នកធ្វើដំណើរបានអោយដឹងថា មុនកើតហេតុ គេឃើញយុវជន០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Winner X ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-1950 ជិះចេញរោងចក្រសិប្បកម្មបោចមាន់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២១៧ ទិសដៅពីកើតទៅលិច គោលបំណងទៅទិញបាយហូប ខណៈពេលឡើងមកដល់លើស្ពានចំណុចកើតហេតុ ក៏បានឡើងវ៉ាខាងឆ្វេងដៃរថយន្ត ស្របពេលនោះរថយន្តបានរេចង្កូតទៅឆ្វេងដៃបន្តិច បានធ្វើអោយម៉ូតូទាក់ដៃ រេទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលអោយយុវជនខាងមុខ ( អ្នកឌុប) បាក់ក៎ស្លាប់ភ្លាមៗ នឹងយុវជនខាងក្រោយរងរបួសស្រាល ។ ចំណែករថយន្ត បានបើករត់គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ។ ចំណែកឯសពរងគ្រោះត្រូវបានប្រគល់ជូនគ្រួសារសាច់ញ្ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ