ខេត្តប៉ៃលិន ៖ បុរសម្នាក់ បានបើកបររថយន្តលឿនដូចហោះក្នុងស្ថានភាពស្រវឹងជោកជាំ បណ្តាលឱ្យជ្រុលចង្អូតទៅបុកម៉ូតូ០៣គ្រឿង ដែលកំពុងចតទុកនៅមុខផ្ទះ ធ្វើឱ្យខូចខាតយ៉ាងដំណំ រួចជ្រុលទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋថែមទៀត ធ្វើឱ្យម្នាក់ៗ ព្រលឹងចុងសក់។
ហេតុការណ៍បុរសម្នាក់បើកបររថយន្តក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកម៉ូតូ និងរោងសំយាបផ្ទះប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១៩នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នៅចំណុចទល់មុខផ្ទះសំណាក់ពេជ្រសំណាង ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យរងរបួសស្រាលម្នាក់ និងខូចខាតម៉ូតូចំនួន០៣គ្រឿង ហើយខូចខាតរោងសំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀត ។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា អ្នកបើកបររថយន្ដឈ្មោះ យ៉ន ប៊ុនណា ភេទប្រុស អាយុ៣៨ឆ្នាំ ដោយបើកបររថយន្ត ម៉ាកតូយ៉ូតា តាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2 BN-1432 រងការខូចខាតផ្នែកខាងមុខ។ រីឯអ្នករួមដំណើរទី១. ឈ្មោះ មាស កុល អាយុ៤៨ឆ្នាំ ជាកសិករ ២-ឈ្មោះ នី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ និង៣-ឈ្មោះ ឌីណា លីហ៊ាង ភេទប្រុស អាយុ០៩ឆ្នាំ ជាសិស្ស រងរបួសផ្នែកក្បាលស្រាល។ ទាំងអស់គ្នារស់នៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
រីឯម្ចាស់ផ្ទះខូចខាតទី០១. ឈ្មោះ បឿន សុបិន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអាជីវករ រងការខូចខាតអីវ៉ាន់ចាប់ហួយមួយចំនួនធំ និងធុងសាំង១គ្រឿង។ ទី០២ ឈ្មោះ គុយ សាក់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអាជីវករ ដោយខូចខាតអីវ៉ាន់ចាប់ហួយមួយចំនួនធំ និងចង្ក្រានអាំងសាច់គោ០១គ្រឿង ទាំង០២នាក់រស់នៅក្នុងភូមិផ្សារព្រំជើង ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ចំណែកម៉ូតូដែលរងការខូចខាតរួមមាន: ទី០១. ម៉ាកហុងដាឃ្លីក ពណ៌ទឹកក្រូច ពាក់ស្លាកលេខ បាត់ដំបង 1AX-4799 ០២. ០២. ម៉ាកហុងដាឃ្លិច ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង1AW-9109។ ទី០៣. ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ពាក់ស្លាលេខភ្នំញ 1CI-2204 ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ករណីដែលបង្កឱ្យមានគ្រោះថ្នាក់ បណ្ដាលមកពីអ្នកបើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងជោកជាំ។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណៈដែលរថយន្តបង្ក និងម៉ូតូដែលរងការខូចខាត ត្រូវបាននគរបាលយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយតាមនីតិវិធី៕





ចែករំលែកព័តមាននេះ