ខេត្តកំពង់ឆ្នាំង ៖ ឈើអារគ្មានច្បាប់នៅតែបន្តសកម្មភាពលួចលាក់ក្នុងព្រៃ បណ្តាលឱ្យព្រៃឈើនៅតែរងការកាប់បំផ្លាញដោយជនខិលខូចជារៀងរាល់ថ្ងៃដែលគេដឹងថា បានឃុបឃិតគ្នាជាមួយមន្ត្រីពាក់ព័ន្ធបង់លុយប្រចាំខែ ។ ជាក់ស្តែង ម៉ាស៊ីនអារឈើលួចលាក់ក្នុងព្រៃមួយកន្លែងស្ថិតនៅខាងលិចវាលវែង ជ្រលងតាហុន ក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ដែលធ្វើសកម្មភាពជាង២ខែមកហើយនោះត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីព្រឹកថ្ងៃទី១៦ កុម្ភៈ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកកាសែត និងមន្ត្រីអង្គការអភិរក្សមួយក្រុមដែលបានរកឃើញ ។
ក្រុមកម្មករស៊ីឈ្នួលអារឈើ២នាក់ក្នុងចំណោម៨នាក់ នៅក្នុងទីតាំងម៉ាស៊ីនអារឈើនេះនិយាយថា ថៅកែឈ្មោះផល្លី ជាអតីតយោធាម្នាក់នៅខេត្តកំពង់ស្ពឺ ។ នៅពេលក្រុមអ្នកកាសែត និងមន្ត្រីអង្គការអភិរក្សសត្វព្រៃចុះទៅដល់ទីតាំងនេះនៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៦ កុម្ភៈ គឺម៉ាស៊ីនអារឈើកំពុងតែធ្វើសកម្មភាព ដែលមានកម្មករ៨នាក់ ហើយឈ្មោះផល្លី ជាថៅកែម៉ាស៊ីន ក៏នៅទីនោះដែរ (ពាក់អាវយឺតដៃខ្លីបង្កង់ខ្មៅ ប្រផេះ) និងមានចរិតក្រអឺតក្រទមខ្លាំងណាស់ ។ មិនតែបុ៉ណ្ណោះ ពេលដែលអ្នកកាសែតកំពុងរាយការណ៍ទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ជននេះបានបញ្ជាឱ្យកម្មករដោះយកកង់យោងផ្លែរណារ និងខ្ចៅជើងម៉ាស៊ីនបម្រុងរំដោះយកចេញពីទីតាំង ទោះបីអ្នកកាសែតកំពុងប្រមាញ់ថតរូបភាពគេក៏ដោយ គឺគេមិនញញើតឡើយ តែពេលដឹងថាសមត្ថកិច្ចចម្រុះជិតមកដល់នោះ រូបគេនិងកម្មករក៏នាំគ្នាគេចខ្លួនបាត់ ។ មន្ត្រីអង្គការការពារអភិរក្សសត្វព្រៃ ព្រៃឈើ និងជលផលប្រចាំខេត្តឱ្យដឹងថា ម៉ាស៊ីនអារឈើលួចលាក់នេះធ្វើសកម្មភាពជាង២ខែមកហើយ ដោយមានមន្ត្រីជំនាញម្នាក់លាក់បាំង និងទទួលបានលុយជាសំណូកក្នុងមួយខែ១៥០ដុល្លារពីថៅកែម៉ាស៊ីនខាងលើ ដោយហេតុនេះហើយទើបគេមានចរិតក្រអឺតក្រទមបែបនេះ ។
វត្ថុតាងនៅលើទីតាំងម៉ាស៊ីនអារឈើនេះ អ្នកកាសែតនិងមន្ត្រីអង្គការអភិរក្សសត្វព្រៃ បានរាប់ជាក់ស្តែងឃើញមាន ម៉ាស៊ីនយ៉ាន់ម៉ា១៦សេះមួយគ្រឿង កង់យោង និងផ្លែរណារអារឈើ៣ផ្លែ រណារយន្តអារឈើមួយគ្រឿង (កម្មករបានរំដោះយកបាត់) ឈើមូលតូចធំគ្រប់ប្រភេទជាង៦០កំណាត់ ឈើជ្រុងអាររួច៥០ដើម ក្តារ១២១សន្លឹក នីវមួយចំនួនធំទៀត និងសម្ភារប្រើប្រាស់មួយចំនួន ។ នៅវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃដដែល លោកសឿង សំអាត មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរមាស និងលោកនៅ ចំរើន នាយបុ៉ស្តិ៍នគរបាលរដ្ឋបាលជៀប បានចុះដល់ទីតាំងតាមបញ្ជាថ្នាក់លើ និងបានដឹកយកវត្ថុតាងខាងលើទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ចំណែកឈើមូលជាង៦០កំណាត់ គេថានឹងឆ្លងយោបល់ថ្នាក់លើចាត់ការតាមក្រោយ ៕
ចែករំលែកព័តមាននេះ