រាជធានីភ្នំពេញ ៖ ដើម្បីអស់ចម្ងល់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានបញ្ជាឱ្យកងទ័ពជួរមុខនៅសមរភូមិដកថយទេ ក្រោយពីចរចាបទឈប់បាញ់នោះទេ ។
សម្តេចបវរធិបតី បានសរសេរលើបណ្តាញសង្គម នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ថា ដោយសារមួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្ម ដើម្បីកេងចំណេញនយោបាយផង ។ ខ្ញុំសូមយកឱកាសបញ្ជាក់ដោយសង្ខេប ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ?
បងប្អូនមួយចំនួនប្រហែលជាយល់ថា ទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗបញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំ បានគិតថា រដ្ឋាភិបាលអត់ស្ងៀមស្ងាត់ ។
សម្តេចបានបន្តថា នៅក្នុងដំណាក់កាលដែលសភាពមានការប្រែប្រួលលឿន និងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃពត៌មាន គឺសំខាន់ណាស់ ដើម្បីកុំឱ្យមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូនក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយព័ត៌មានជាប្រចាំ ។
បន្ថែមលើយន្តការនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងការបរទេស ក្រសួងព័ត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គណៈអភិបាលខេត្តពាក់ព័ន្ធ។ល។ ក៏មានផ្សព្វផ្សាយនូវវិធានការសំខាន់ៗរបស់ខ្លួន ឱ្យប្រជាពលរដ្ឋបានជ្រាបជាប់ជាប្រចាំផងដែរ ។
សម្តេចក៏បានលើកឡើងថា តើរាជរដ្ឋាភិបាលបានបញ្ជាឱ្យកងទ័ពជួរមុខនៅសមរភូមិដកថយទេ ក្រោយពីចរចារបទឈប់បាញ់0x017d7 ចម្លើយខ្លី គឺគ្មានទេ ។ រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាឱ្យដកថយកម្លាំងក្រោយពីមានបទឈប់បាញ់នោះទេ ។ ហើយក្នុងកិច្ចចរចាបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណ្ឌឱ្យកងទ័ពភាគីណាដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ ។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតី ក៏បាលើកសំណួររបស់មហាជនទៀតថា តើការចរចានានាក្នុងពេលកន្លងមកមានភ្ជាប់លក្ខខណ្ឌជាមួយកាត់ដោះដូរដីឬទេ? ចម្លើយខ្លី គឺគ្មានទេ ។ ការចរចាបទឈប់បាញ់ថ្ងៃ ២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី គឺនិយាយពីបទឈប់បាញ់គ្នាតែប៉ុណ្ណោះ ។ ការចរចាទ្វេភាគីកន្លងមកដោយរាប់ទាំង Extraordinary GBC រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និង កិច្ចប្រជុំថ្នាក់តំបន់រវាងយោធភូមិភាគ (RBC) ក៏មិនមាននិយាយពីការកំណត់ព្រំដែននោះដែរ ។ រាល់លទ្ធផលនៃកិច្ចប្រជុំ (រាប់ទាំងប្រជុំពិសេសថ្ងៃទី ២៨ កក្កដា, ប្រជុំវិសាមញ្ញ GBC និង RBC) សុទ្ធតែបង្ហាញជាសាធារណៈទាំងអស់ ។ គ្មានការលាក់បាំងទេ ។ ហើយក៏គ្មាន ការចរចាសម្ងាត់ណាផ្សេង ក្រៅពីកិច្ចប្រជុំទាំងនោះដែរ ។
សម្តេចបានពន្យលថា ចំពោះកិច្ចការចរចាព្រំដែន កម្ពុជានៅតែប្រកាន់យកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ដែលមានជាធរមានសន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ ។

តើរដ្ឋាភិបាល ក្រសួងការពារជាតិអត់មានជួយអ្វីដល់កងទ័ពជួរមុខទេ បានជាឃើញតែសប្បុរសជនជួយ? ចម្លើយខ្លី គឺរាជរដ្ឋាភិបាលមិនដែលបោះបង់ការទទួលខុសត្រូវរបស់ខ្លួនចំពោះបងប្អូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប៉ះពាល់ដោយសារការប្រយុទ្ធគ្នា ឬមានការបំពានផ្សេងៗនោះទេ ។
សម្តេចបវរធិបតីក៏សូមបងប្អូនមេត្តាយោគយល់ ចំពោះការដែលក្រសួង ស្ថាប័នរបស់រដ្ឋ មិនបានថតបង្ហោះ ឬដាក់ចេញនូវរបាយការណ៍ជាសាធារណៈ អំពីរាល់ការងារធានានិងផ្គត់ផ្គង់ដល់កងទ័ពជួរមុខនោះទេ ដែលអាចឱ្យបងប្អូនមួយចំនួនយល់ច្រឡំថារាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដល់កងទ័ពជួរមុខ។
បន្ថែមលើនោះ ការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាលក៏មិនត្រឹមតែសម្រាប់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវគិតគូរជាប្រចាំសម្រាប់កងទ័ព និងប្រជាជនទូទាំងប្រទេស និងគ្រប់វិស័យតែម្តង ។
ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា៖« ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានទឹកចិត្តស្នេហាជាតិ និងគាំទ្រដល់កងកម្លាំងជួរមុខរបស់យើងតាមរយៈការជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ សម្ភារៈ មធ្យោបាយ ដល់កងទ័ពជួរមុខរបស់យើង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលដោះស្រាយជូន ។
រាជរដ្ឋាភិបាលតែងតែស្វាគមន៍នូវស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរនេះ តាំងតែពីមុនផ្ទុះអាវុធកាលពីថ្ងៃទី២៤ កក្កដា មកម្ល៉េះ ។ ពេលនេះជាពេលលំបាក ដែលយើងត្រូវរួបរួមសាមគ្គីគ្នា ជួយគ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហា» ។ ខ្ញុំសង្ឃឹមថា ការបញ្ជាក់ដោយខ្លីប៉ុន្មានចំណុចខាងលើ និងអាចដោះស្រាយចម្ងល់មួយចំនួនដែលខ្ញុំបានឃើញតាមបណ្ដាញសង្គមនៅពេលកន្លងមកនេះ ។
ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាឱ្យបានឆាប់រហ័ស ដើម្បីឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន បើទោះជាកិច្ចការជាច្រើនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀមពេកក៏ដោយ៕
ចែករំលែកព័តមាននេះ