រាជធានីភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែង នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលអោយស្ត្រីជាម្ចាស់ផ្ទះ ដែលមានជំងឺលើសឈាមពិការមួយជំហៀងខ្លួន និងចៅស្រី អាយុ៨ឆ្នាំ មានជំងឺអូទីហ្សឹមត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចធម៌ ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ ៦៩បេ ផ្លូវបេតុង ក្រុម២ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ ភ្លើងបានឆាប់យ៉ាងសន្ធោសន្ធៅ ចេញពីផ្ទះល្វែងខាងលើផ្សែងហុយខ្មួលខ្មាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង នាំគ្នាជួយពន្លត់ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ដើម្បីអន្តរាគមន៍ បាញ់ពន្លត់ ។
ក្នុងហេតុការណ៍នោះ គេឃើញលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ព្រមទាំងអធិការនគរបាលខណ្ឌសែនសុខ រួមទាំងអាជ្ញាធរ សង្កាត់ ក៏បានដឹកនាំកម្លាំងជួយអន្តរាគមន៍ ផងដែរ ។
តាមព័ត៌មានបឋមបានឲ្យដឹងថា បន្ទាប់ពីភ្លើងបានរលត់សមត្ថកិច្ចរកឃើញមនុស្សស្រី ចំនួន២នាក់ បានជាប់ក្នុងផ្ទះ ត្រូវភ្លើងឆេះស្លាប់ ។
តាមរបាយការណ៍របស់នគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យចំនួន៩គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៩ឡាន ស្មើរនឹង ៣៦ម៉ែត្រគូប ហើយភ្លើងបានរលត់នៅម៉ោង១៤និង៤៥នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ។
មន្ត្រីនគរបាល បានឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលឱ្យបន្ទប់ជាន់ឡៅតឿទំហំ ០៤ម៉ែត្រ គុណ ០៨ម៉ែត្រ ចំនួន០១បន្ទប់ រួមទាំងសម្ភារមួយចំនួន បានរងការខូចខាត និងឆេះរោលម៉ូតូចំនួន១៧គ្រឿង ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
មន្ត្រីនគរបាល បានឲ្យដឹងបន្ថែមថា អគ្គិភ័យនេះបណ្ដាលអោយស្លាប់មនុស្សចំនួន២នាក់ ៖
១-ឈ្មោះ ថៃ ផា ភេទស្រី អាយុ ៧៦ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ជាម្ចាស់ផ្ទះ មានជំងឺលើសឈាមពិការមួយជំហៀងខ្លួន។
២-ឈ្មោះ ឆ័រ យូអ៊ី ភេទស្រី អាយុ០៨ឆ្នាំ ជនជាតិ ខ្មែរមានជំងឺប្រចាំកាយ (មានជំងឺអូទីហ្សឹម) ។
ទាក់ទិននឹងមូលហេតុ នៃការកើតមានអគ្គិភ័យនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ។ ទោះបីជាយ៉ាងណា មានព័ត៌មានខ្លះអះអាងថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕







ចែករំលែកព័តមាននេះ