បរទេស ៖ តម្លៃមាសអន្តរជាតិបានកើនឡើងបំបែកកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុន នៅក្នុងការជួញដូរថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលជំរុញដោយកម្សោយប្រាក់ដុល្លារអាមេរិក និងការធ្លាក់ចុះទិន្នផលសញ្ញាប័ណ្ណរតនាគារសហរដ្ឋអាមេរិក ខណៈការរំពឹងទុកកាន់តែខ្ពស់របស់វិនិយោគិនលើការកាត់បន្ថយអត្រាការប្រាក់ពីធនាគារកណ្តាលអាមេរិក (Fed) នៅក្នុងខែនេះ បានបង្កើនតម្រូវការលោហៈដ៏មានតម្លៃមួយនេះកាន់តែខ្លាំង។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។
មាសអន្តរជាតិបន្តបំបែករបាំងតម្លៃខ្ពស់បំផុតរបស់ខ្លួនដល់ ៣ ៦៥៩ដុល្លារក្នុង១អោន ឬ ៤ ៤០៨ដុល្លារក្នុង១តម្លឹង មុនពេលរក្សាតម្លៃមកត្រឹម ៣ ៦៤៣ដុល្លារក្នុង១អោន ឬ ៤ ៣៨៩ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង៣នាទីរសៀល ថ្ងៃទី៩ ខែកញ្ញា (ម៉ោងនៅកម្ពុជា)។
ប្រធានផ្នែកវិភាគទីផ្សារពាណិជ្ជកម្មរបស់ក្រុមហ៊ុន KCM បានថ្លែងថា «យើងប្រហែលជានឹងឃើញការកើនឡើងបន្ថែមទៀតនៃតម្លៃមាសពីតម្លៃនេះ។ ការជំរុញនេះ ទាក់ទងនឹងការរំពឹងទុកពីទីផ្សារដែលមើលឃើញថា ការកាត់បន្ថយអត្រាការប្រាក់ជាច្រើនពិន្ទុរបស់ធនាគារកណ្តាលអាមេរិក»។
ទិន្នន័យពាក់ព័ន្ធនឹងកំណើនការងាររបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែសីហា ហើយអត្រាគ្មានការងារធ្វើបានកើនឡើងដល់កម្រិតខ្ពស់ជិត៤ឆ្នាំ គឺ ៤,៣%។ វិនិយោគិនបានបង្ហាញក្តីរំពឹងខ្ពស់ ៨៩,៤% ថា ធនាគារកណ្តាលអាមេរិក អាចនឹងកាត់បន្ថយអត្រាការប្រាក់ ២៥ ពិន្ទុមូលដ្ឋាន នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ ជាមួយនឹងឱកាស ១០,៦% ដែលរំពឹងថា ការកាត់បន្ថយអត្រាការប្រាក់អាចលោតដល់ ៥០ ពិន្ទុមូលដ្ឋាន ដែលនឹងជំរុញឱ្យមានការទិញមាសដុំទុក។
សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុត នៅក្នុងរយៈពេល៧សប្តាហ៍ បើធៀបទៅនឹងរូបិយប័ណ្ណជាគូប្រជែង ដោយធ្វើឱ្យមាសកាន់តែទាក់ទាញសម្រាប់អ្នកទិញកាន់រូបិយប័ណ្ណផ្សេងទៀត ចំពេលដែលទិន្នផលសញ្ញាប័ណ្ណរតនាគាររយៈពេល១០ឆ្នាំរបស់អាមេរិក បានធ្លាក់ចុះដល់កម្រិតទាបរយៈពេល៥ខែ។ ទន្ទឹមនឹងនេះ ធនាគារកណ្តាលអឺរ៉ុបត្រូវបានគេរំពឹងថានឹងរក្សាអត្រាការប្រាក់របស់ខ្លួននៅក្នុងការប្រជុំសម្រេច នាថ្ងៃទី១១ ខែកញ្ញា ខាងមុខនេះ។
បច្ចុប្បន្ននេះ វិនិយោគិនកំពុងរង់ចាំទិន្នន័យស្តីអំពីតម្លៃបណ្តាអ្នកផលិតអាមេរិក ដែលនឹងចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ព្រមទាំងទិន្នន័យតម្លៃអ្នកប្រើប្រាស់ចេញផ្សាយនៅមួយថ្ងៃបន្ទាប់ សម្រាប់តាមដានតម្រុយបន្ថែមទៀតទៅលើគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក៕ ប្រភព ៖ Reuters


ចែករំលែកព័តមាននេះ