ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់ពីពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់ប្រជាជនខ្មែរ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ «​ឈ្វេងយល់​ពី​ពិធី​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​ទំនៀមទម្លាប់​ប្រជាជន​ខ្មែរ​» ។ ជា​រៀង​រាល់​ឆ្នាំ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​នូវ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម​ទី​វត្ត​អារាម ដោយ​ធ្វើ​ជា​ចង្ហាន់​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ ។ ពិធីបុណ្យ​ដែល​ធ្វើ​តាម​ទំនៀម​ពី​ដូនតា​មកនេះ ត្រូវ​បាន​ដក់​ជាប់​ក្នុង​គំនិត​ប្រជាពលរដ្ឋ​ខ្មែរ​ត​ជំនាន់​មក​ថា វា​ជា​ពិធី​ដើម្បី​ឧទ្ទិស​កុស​ល្យ​ជូន​ទៅ​ដល់​ដូនតា និង​ញាតិ​កា​ទាំង​៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ ។

សម្តេច​មហា​បវរ​ធិ​បតី បាន​បញ្ជាក់​បន្ត​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​គឺ ៖ ទី​១ ៖ ជា​រយៈពេល​នៃ​ការ​កាន់បិណ្ឌ​ចាប់ពី​ថ្ងៃ​ទី​១​រោច ខែភទ្របទ រហូត​ដល់​ថ្ងៃ​១៤​រោច ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​តែង​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ។ ទី​២ ៖ ថ្ងៃ​ចុង​ក្រោយ គឺ​ថ្ងៃ​១៥​រោច ដែល​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ប្រជាពលរដ្ឋ​តែង​ធ្វើការ​ជួបជុំ​គ្នា ដើម្បី​ឆ្លង​នូវ​ស​ធា​ជ្រះថ្លា ដែល​បាន​ថ្វាយ​ទាន​ចំពោះ​ភិក្ខុសង្ឃ​ក្នុង​រយៈពេល​១៤​ថ្ងៃ​កន្លង​មក ។

ខ្មែរ​យើង គឺជា​ជនជាតិ​មួយ​ដែល​មានការ​ដឹងគុណ​ចំពោះ​បុគ្គល​ដែល​បាន​ធ្វើ​ឧបការៈ​ដល់​ខ្លួន ពោល គឺ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ប្រកាន់​យក​គោលការណ៍​នៃ​ការ​ដឹងគុណ ហើយ​ការ​ដឹងគុណ​នេះ មិនមែន​និយាយ​ត្រឹមតែ​ដូនតា ឬ​ក៏​ញាតិ​មិត្ត​របស់​ខ្លួន​ទេ គឺជា​ការ​ដឹងគុណ​តាំងពី​ធម្មជាតិ ដឹងគុណ​ពី​អ្នក​ដទៃ បើ​មិន​ជាប់​ជា​ញាតិ​របស់​ខ្លួន​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​សម្តែង​នូវ​ទឹកចិត្ត​ដឹងគុណ ដែល​ហៅ​ថា កតញ្ញូតាធម៌ ទើប​មានការ​ឈាន​ទៅ​ធ្វើ​ពិធី​ទាំង​អស់នេះ​បាន ព្រោះ​បើ​យើង​អត់​មាន​កតញ្ញូ​នៅ​ក្នុង​ចិត្ត​ទេ គឺ​មិន​អាច​ទៅ​ធ្វើ​ពិធីបុណ្យ​នេះ​បាន​ទេ ។

និយាយ​ជា​រួម​មក ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ដូនតា​ខ្មែរ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្រៀន​ទៅ​ដល់​កូនចៅ​ឱ្យ​ដឹង​អំពី​កំណើត ចេះ​គោរព ដឹងគុណ និង​មាន​កតញ្ញូ​ធម៌ ។ យើង​ជា​ជនជាតិ​ខ្មែរ ត្រូវ​ស្គាល់​អំពី​កំណើត និង​ការ​ដឹងគុណ ។ «​សូម​ចូលរួម​ចំណែក​ដើម្បី​រក្សា​វប្បធម៌​ជាតិ​យើង ពិសេស​បំផុត​គឺ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​ក្លាយជា​អ្នក​បន្ត​វេ​ណ​ជំនាន់​ក្រោយ​ទៀត រក្សា​តម្លៃ​ដ៏​ពិសិដ្ឋ នៃ​កតញ្ញូ​ធម៌​» ។

ពិធី​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ក៏​ជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ ដើម្បី​បង្កើត​សាមគ្គីភាព​ដ៏​ល្អ​របស់​ខ្មែរ​យើង ចាប់តាំងពី​ថ្នាក់​ភូមិ សហគមន៍ រហូត​ដល់​ប្រទេស​ជាតិ​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ