ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនត្រី​និង​កូនបង្កងជិត១០មុឺនក្បាល​ត្រូវ​បានលែង​​ទៅ​ក្នុង​បឹង​ធំ

7 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំរដ្ឋបាល​ខេត្ត​បាន​ខិតខំ​យកចិត្តទុកដាក់​លើ​វិស័​យ​ជលផល ពិសេស​ការ​អភិរក្ស​បឹង​ធម្មជាតិ​សម្រាប់​ជា​ជម្រក​ត្រី​ពង​កូន​ក្នុង​រដូវវស្សា ។ ជាក់ស្ដែង កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​ទៅ ឯកឧត្តម…

ខេត្តកំពង់ចាម ៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំរដ្ឋបាល​ខេត្ត​បាន​ខិតខំ​យកចិត្តទុកដាក់​លើ​វិស័​យ​ជលផល ពិសេស​ការ​អភិរក្ស​បឹង​ធម្មជាតិ​សម្រាប់​ជា​ជម្រក​ត្រី​ពង​កូន​ក្នុង​រដូវវស្សា ។

ជាក់ស្ដែង កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​ទៅ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​ខេត្ត     រួម​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ    និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់បាន​រៀបចំ​ពិធី​លែងកូន​ត្រី​និង​កូន​បង្កង​ជិត​១០​ម៉ឺន​ក្បាល នៅ​តំបន់​បឹងធំ ស្ថិត​ក្នុងភូមិ​ក្តី​បឹង ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​ព្រៃឈរ និង​កងមាស ។ ជាមួយ​នេះ អាជ្ញាធរ​បាន​បំផុស​ឲ្យ​សហគមន៍​នេសាទ​ទាំងអស់ ត្រូវ​ខិតខំ​ពង្រឹងសមត្ថភាព​សហគមន៍​នីមួយ​ៗ ក្នុង​ការ​ចូលរួម​ការពារ​អភិរក្ស​ធនធាន​ជលផល​ក្នុង​សហគម​ន៍ លុប​បំបាត់​ការ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ពី​សមាជិក​សហគមន៍ និង​ជនល្មើស​ក្រៅ​សហគមន៍ ។

ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​ថា កូន​ត្រី​និង​កូន​បង្កង​ជិត​១០​ម៉ឺន​ក្បាល ដែល​យើង​រួម​គ្នា​លែង​នា​ពេល​នេះ គឺ​មាន​អត្ថន័យ​និង​សារៈសំខាន់​បំផុត សម្រាប់​បំផុសស្មារតី​ប្រជាពលរដ្ឋ អាជ្ញាធរ​ពាក់​ព័ន្ធ និង​វិស័យ​ឯកជន ឱ្យ​ចូលរួម យ៉ាង​សកម្ម ក្នុង​សកម្មភាព​ថែរក្សា ការពារ អភិរក្ស និង​បង្កើន​ផល ស្តុក​ធនធាន​ជលផល ក្នុង​បឹង​ធម្មជាតិ ឱ្យ​កាន់តែ​សម្បូរ​ឡើង​ថែម​ទៀត សម្រាប់​ប្រជាពលរដ្ឋ​យើង​ប្រើប្រាស់ កាត់​បន្ថយ​ភាព​ក្រីក្រ និង​បង្កើន​ជីវភាព​រស់នៅ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ខណ្ឌ​រដ្ឋបាល​ជលផល ត្រូវ​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​បន្ថែម​ទៀត​ចំពោះ​ជនល្មើស បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​គ្រប់​ទីកន្លែង និង​កិច្ចការពារ​កន្លែង​អភិរក្ស​ជលផល ដោយ​បន្តការងារ បង្ក្រាប​បទល្មើស​ជលផល​ជា​ប្រចាំ ។

ពោល​គឺ​ត្រូវចាត់វិធានការ​គ្រប់​បែប​យ៉ាង ដោយ​ផ្តោត​សំខាន់ ទៅ​លើ​បទល្មើស​ដែល​បំផ្លិចបំផ្លាញ​ខ្លាំង ដូច​ជា​ឧបករណ៍​ឆក់ ឧបករណ៍​ស្បៃ​មុង និង​ការ​ប្រើ សារធាតុពុល ដើម្បី​ចាប់​ត្រី​ជាដើម ។អាជ្ញាធរ​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ និង​អង្គភាពនានា សូម​ចូលរួម​ឲ្យ​បាន​សកម្ម​ថែម​ទៀត​ក្នុង​ចលនា​លែង​កូន​ត្រី​នេះ​នៅ​គ្រប់​ទីកន្លែង តាម​មូលដ្ឋា​ន​នីមួយ​ៗ ដើម្បី​ឱ្យ​ក្លាយជា​ប្រពៃណី​លែង​កូន​ត្រី ព្រោះ​សកម្មភាព​នេះ​ពិតជា​បាន​រួមចំណែក​ធ្វើ​ឲ្យ​កើនឡើង​នូវ​ធនធាន​ជលផល​សម្រាប់​ប្រជាពលរដ្ឋ​យើង កាត់​បន្ថយ​ភាព​ក្រីក្រ និង​បង្កើន​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ