ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំង លោកម៉ាក្រុង កំពុងស្វះស្វែងរកអ្នកជំនួសតំណែងអតីតនាយករដ្ឋមន្ត្រីហ្វ្រង់ស័រ បាយរូ (François Bayrou) ដែលទើបតែត្រូវសភាបោះឆ្នោតដកសេចក្ដីទុកចិត្តនៅថ្ងៃនេះ។ លោកបាយរូនឹងប្រគល់លិខិតលាលែងពីតំណែងជូនលោកម៉ាក្រុងនៅយប់នេះ។ បេក្ខជនរូបណាក៏ដោយដែលត្រូវមកជំនួសតំណែងលោកបាយរូសុទ្ធតែជួបនឹងរឿងពិបាកដូចគ្នាព្រោះត្រូវបញ្ចុះបញ្ចូលសភាដើម្បីឱ្យមានសំឡេងតែមួយក្នុងការអនុម័តកញ្ចប់ថវិកាជាតិឆ្នាំ២០២៦។
ប្រទេសបារាំងកំពុងទទួលរងសម្ពាធយ៉ាងខ្លាំងផ្នែកថវិកា ដូច្នេះត្រូវរកវិធីកាត់បន្ថយឱនភាពថវិកា (ចំណាយលើសចំណូល)។ អ្វីដែលសហភាពអឺរ៉ុបកំណត់ពិតានត្រឹម៣%នោះឥឡូវនេះឱនភាពថវិកាបារាំងកើនឡើងជិត២ដង។ បំណុលជាតិសរុបកើនឡើងដល់១១៤%នៃទំហំផលិតផលក្នុងស្រុកសរុប ជីឌីភី (GDP)។ មានពាក្យចចាមអារ៉ាមថានៅក្នុងចំណោមបេក្ខជនដែលអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីក៏មានរដ្ឋមន្ត្រីការពារជាតិម្នាក់ផងដែរ។ លោកម៉ាក្រុងចង់រកអ្នកណាដែលមាននិន្នាការឆ្វេងនិយមកណ្ដាល ឬជាអ្នកបច្ចេកទេសក៏បានដែរ។
នៅប្រទេសបារាំងគ្មានច្បាប់ចែងថានាយករដ្ឋមន្ត្រីត្រូវតែជាអ្នកណា, ប្រធានាធិបតីត្រូវតែជ្រើសរើសនរណាជានាយករដ្ឋមន្ត្រី ឬក៏ត្រូវតែជ្រើសរើសឱ្យបានឆាប់កម្រិតណាទេ។ ខុទ្ទកាល័យរបស់លោកម៉ាក្រុងបញ្ជាក់ថាយ៉ាងយូរពីរបីថ្ងៃទៀតនឹងរើសបានបេក្ខជនថ្មីជាមិនខាន។ ក្រុមសង្គមនិយមអះអាងថាដល់ពេលដែលពួកគេត្រូវឡើងមកដឹកនាំរដ្ឋាភិបាលម្ដងហើយ។ ប្រធានគណបក្សសង្គមនិយមថ្លែងថាខ្លួនចង់បានអ្នកដឹកនាំរដ្ឋាភិបាលខាងឆ្វេង។ យើងត្រូវតែកាន់អំណាចនៅក្នុងពេលនេះ។
ចំណែកគណបក្សស្ដាំនិយមជ្រុល សមាជជាតិ បញ្ជាក់ឡើងវិញថាខ្លួនស្នើរៀបចំការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រឡើងវិញ។ នេះជាសេណារីយោដែលលោកម៉ាក្រុងព្យាយាមជៀសវាងជាដាច់ខាត។ ប្រធានគណបក្សសមាជជាតិ លោកស្រីម៉ារីន ឡឺពែន (Marine Le Pen) ថ្លែងថាមានតែការរំលាយសភាប៉ុណ្ណោះទើបជាជម្រើសដ៏ល្អបំផុតដើម្បីគេចចេញពីវិបត្តិនយោបាយ៕
ចែករំលែកព័តមាននេះ