ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ខ្មែរ១៨​រូបដែល​ទាហាន​ថៃ​ចាប់ខ្លួន​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈប្រតិភូ​ថ្នាក់​តំបន់នៃ​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិបាន​ឲ្យ​ដឹង​ថា ទាហាន​ខ្មែរ​ទាំង១៨​រូបនៃ​កង​យោធពលខេមរភូមិន្ទ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​ភាគី​ថៃ​នោះ គឺ​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា​ ។ ការ​លើក​ឡើង​របស់​លោក Jurg…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈប្រតិភូ​ថ្នាក់​តំបន់នៃ​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិបាន​ឲ្យ​ដឹង​ថា ទាហាន​ខ្មែរ​ទាំង១៨​រូបនៃ​កង​យោធពលខេមរភូមិន្ទ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​ភាគី​ថៃ​នោះ គឺ​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា​ ។

ការ​លើក​ឡើង​របស់​លោក Jurg Montani ប្រធាន​គណៈប្រតិភូ​ថ្នាក់​តំបន់ នៃ​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​នៅក្នុង​ជំនួប​ជាមួយ​ឧត្តមសេនីយ៍ឯក រ៉ាត់ ដា​រ៉ា​រ័​ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពី​រសៀល​ថ្ងៃ​៩ កញ្ញា ឆ្នាំ​២០២៥​ ។

នៅ​ក្នុង​ជំនួប​នោះ លោក Jurg Montani បាន​ចែករំលែក​ផង​ដែរ​​នូវ​ព័ត៌មាន​អំពី​ការ​ចុះ​សួរសុខទុក្ខ​ជា​លើក​ទី​២​​នាយទាហាន​ទាំង១៨​រូបនៃ​កង​យោធពលខេមរភូមិន្ទ ដែល​ត្រូវ​បាន​ភាគី​ថៃ​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ គឺ​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​ ។

ចំពោះ​ការ​ចុះ​សួរសុខទុក្ខ​លើក​ទី​២​​ពី​សំណាក់​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ (ICRC) នោះ​បាន​ទទួល​ព័ត៌មាន​ថា ទាហាន​ទាំង​១៨​រូប​នៃ​កង​យោធពលខេមរភូមិន្ទ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​ភាគី​ថៃ​នោះ គឺ​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា​ ។

លោក Jurg Montani បាន​បញ្ជាក់​ដែរ​ថា ក្រុមការងារ​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិបាន​ប្រគល់​សារ​ដំណឹង​គ្រួសារដែល​កាកបាទក្រហមកម្ពុជា​ទទួល​បាន​ពី​ភរិយា បងប្អូន និង​កូន​ៗ​របស់​ពួក​គាត់​ទាំង​១៨​នាក់ ហើយ​ពួក​គាត់​ទាំង​១៨​នាក់​ក៏​បាន​សរសេរ​សារ​តប​ត្រឡប់​មក​វិញ ដោយ​ស្រប​តាម​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ ។

លោក​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា «សារ​ដំណឹង​គ្រួសារ​នេះ មិន​មាន​នរណា​ម្នាក់​ដឹង​ពី​ខ្លឹមសារ​នៅ​ក្នុង​លិខិត​ក្រៅពី​សាមីខ្លួន និង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ សូ​ម្បី​តែ​មន្ត្រី​បុគ្គលិក​របស់​កាកបាទក្រហមកម្ពុជា ក៏​មិន​អាច​ដឹង​បាន​ដែរ ព្រោះ​នេះ​ជា​ការ​សម្ងាត់​ ។ ដោយឡែក ពាក់ព័ន្ធ​ជាមួយ​រូបភាព​វីរ​យុទ្ធ​ជន គឺ​យើង​មិន​អាច​បញ្ចេញ​រូបភាព​បាន​ទេ គឺ​ស្រប​ទៅ​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ» ​។

គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុងធ្វើការ​យ៉ាង​ស​ក្រាក់​សស្រាំ​ឥត​ឈប់​ឈរ​នូវ​គ្រប់​យន្តការ​ដោះស្រាយ​ទាំងអស់​លើ​ករណី​នេះ ដើម្បី​ឱ្យ​ភាគី​ថៃដោះ​លែង​កងកម្លាំង​​របស់​យើង​ទាំង​១៨​នាក់​នោះ វិល​ត្រលប់​មក​វិញ​ឱ្យ​បាន​ឆាប់រហ័ស​ជាទី​បំផុត និង​ដោយ​សុខ​សុវត្ថិភាព​ ។

រាជរដ្ឋាភិបាល​ក្រសួងការពារជាតិ និង​កង​យោធពលខេមរភូមិន្ទ មិន​ដែល​បោះបង់​កងកម្លាំង​របស់​យើង​ណា​ម្នាក់​ចោល​នោះ​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។

សូម​ជម្រាប​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​១០​កញ្ញា ឆ្នាំ​២០២៥​ មាន​រយៈ​ថ្ងៃ​ទី​៤៣​ហើយ ដែល​វីរ​កងទ័ព​កម្ពុជា​ចំនួន​១៨​រូប ត្រូវ​បាន​ចាប់ខ្លួន និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​យោធា​ថៃ​។

កម្ពុជា​សូម​អំពាវនាវ​ឱ្យ​ភាគី​ថៃ​ដោះ​លែង​ពួក​គាត់​ត្រឡប់​មក​វិញ​ឱ្យ​បាន​ឆាប់រហ័ស​ជាទី​បំផុត ដើម្បី​ឱ្យ​ពួក​គាត់​អាច​វិល​ត្រឡប់​មក​ជួបជុំ​ក្រុម​គ្រួសារ​របស់​ពួក​គាត់ និង​ប្រកបដោយ​សុខ​សុវត្ថិ​ភាព ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ ។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជាបាន​និង​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ឥត​ឈប់​ឈរ​នូវ​គ្រប់​យន្តការ​ដោះស្រាយ​ទាំងអស់​លើ​ករណី​នេះ ដើម្បី​ឱ្យ​ភាគី​ថៃ ដោះ​លែង​កងកម្លាំង​របស់​យើង​ទាំង​១៨​នាក់​នោះ វិល​ត្រលប់​មក​វិញ​ឱ្យ​បាន​ឆាប់រហ័ស​ជាទី​បំផុត និង​ដោយ​សុខ​សុវត្ថិភាព​។

រាជរដ្ឋាភិបាល ​ក្រសួងការពារជាតិ និង​កង​យោធពលខេមរភូមិន្ទ មិន​ដែល​បោះបង់​កងកម្លាំង​របស់​យើង​ណា​ម្នាក់​ចោល​នោះ​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ