ខេត្តកំពង់ចាម ៖ បុរសម្នាក់ឈ្មោះ ឡេង ឡាយ អាយុ២៥ឆ្នាំ នៅភូមិកញ្ច្រាញ់ ឃុំព្នៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានលបចូលផ្ទះតៀមមួយបម្រុងអីៗជាមួយប្រពន្ធគេ តែបុរសជាប្តីដឹងទាន់ ក៏កាប់មួយកាំបិតផ្គាក់ចំក្បាលបណ្តាលឱ្យរងរបួសជាទម្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ កុម្ភៈ នៅភូមិស្បែកគឺ ឃុំកណ្តោលជ្រំ ស្រុកពញាក្រែក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង ហើយសមត្ថកិច្ចក៏ចុះទៅទាំងយប់ និងឃាត់ខ្លួនបុរសជាប្តីផងដែរ ។
លោកវរសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អធិការនគរបាលស្រុកពញាក្រែក បានឱ្យដឹងថា ខណៈពេលបុរសជាប្តីឈ្មោះ ជុច កាន់ណា អាយុ៣៧ឆ្នាំ កំពុងដេកនៅក្នុងផ្ទះតៀមឈើមួយ នាយប់នោះ ស្រាប់តែជនឈ្មោះ ឡេង ឡាយ លបចូលមកក្នុងផ្ទះក្នុងចេតនាមិនល្អទៅលើស្ត្រីជាប្រពន្ធ ដោយនឹកស្មានថាប្តីមិននៅផ្ទះ ។ ឯបុរសជាប្តីដោយដឹងថាមិនស្រួល ក៏ត្រៀមលក្ខណៈប្រុងជើងការជាស្រេច គ្រាន់តែជនកំហូចចូលទៅដល់ក្នុងផ្ទះមិនទាន់នឹងបានធ្វើអីផង ក៏កាប់មួយកាំបិតត្រូវក្បាល បណ្តាលឱ្យរងរបួសដេកដួលក្នុងថ្លុកឈាមតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ។ ជនឈ្មោះ ឡេង ឡាយ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក តែដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត រួចដឹកបន្តទៅរាជធានីភ្នំពេញទាំងកណ្តាលអធ្រាត្រ។
បុរសម្ចាស់ផ្ទះក្រោយពីបានកាប់ជនកំហូចនេះហើយ ក៏រត់គេចខ្លួនបាត់ តែមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២០ កុម្ភៈ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកណ្តោលជ្រំ បានទៅតាមដល់ផ្ទះឃើញបុរសឈ្មោះ កាន់ណា ត្រឡប់ចូលផ្ទះវិញ ក៏ហៅមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងធ្វើការឃាត់ខ្លួនតែម្តងពីបទបង្ករបួសស្នាម ។ លោកអនុសេនីយ៍ឯក កែវ នរ៉ាភី អធិការរងនគរបាលស្រុកពញាក្រែក ទទួលផែនព្រហ្មទណ្ឌឱ្យដឹងថា កាលពី៣ថ្ងៃមុនពេលកើតហេតុ ស្ត្រីឈ្មោះ យ៉េង អាយុ២៩ឆ្នាំ មានកូន២នាក់ បានលើកហេតុផលថា មានគេចេះតែមកក្រវែលផ្ទះ មិនដឹងជាមានចេតនាអ្វីទេ ធ្វើឱ្យនាងមានការព្រួយបារម្ភ ។ លុះនៅថ្ងៃទី១៩ កុម្ភៈ នាងបានទូរស័ព្ទប្រាប់ប្តីឈ្មោះ កាន់ណា ដែលធ្វើទាហាននៅខេត្តព្រៃវែងឱ្យត្រឡប់មកផ្ទះជាបន្ទាន់ ហើយនៅពេលល្ងាចនោះប្តីក៏បានមកដល់ផ្ទះ ។
នាយប់នោះ មានបុណ្យកម្សាន្តភូមិ សមាជិកម្ចាស់ផ្ទះផ្សេងទៀតបាននាំគ្នាទៅមើលគេរាំលេង នៅសល់តែពីរនាក់ប្តីប្រពន្ធ រួមនឹងកូនតូច ដេកនៅលើគ្រែក្នុងផ្ទះ ហើយទ្វារផ្ទះមិនបានដាក់គន្លឹះទេ ជាហេតុធ្វើឱ្យជនឈ្មោះ ឡេង ឡាយ ជាកម្មករសំណង់មកស្នាក់នៅបណ្តោះអាសន្នក្នុងភូមិស្បែកគឺ ឃុំកណ្តោលជ្រំ មកលបចូលក្នុងផ្ទះ ក៏ត្រូវបុរសម្ចាស់ផ្ទះកាប់មួយកាំបិតផ្គាក់ចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់តែម្តង ៕
ចែករំលែកព័តមាននេះ