មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានទទូចឲ្យប្រទេសឥណ្ឌា បង្កើនអត្រាការប្រាក់របស់ខ្លួននិងទប់ស្កាត់អតិផរណាដែលកំពុងឡើងខ្ពស់ ។ IMFបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា កំណើនរបស់ឥណ្ឌាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការវិវត្តិនៃពិភពលោក និងកំហិតការផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលអតិផរណានៅតែខ្ពស់ ។
យោងតាមរបាយការណ៍ដដែលបានបង្ហាញថា ប្រសិនបើអតិផរណាឈានដល់ពីរខ្ទង់ដូចការរំពឹងទុក នាយកIMFបានណែនាំថា អាជ្ញាធរត្រូវតែរក្សាជំហរគោលនយោបាយរូបិយវត្ថុឲ្យបានតឹងរ៉ឹង ។ ហើយត្រៀមខ្លួនឲ្យហើយដើម្បីបង្កើនអត្រាការប្រាក់បន្ថែមដើម្បីទម្លាក់អតិផរណាទៅដល់កម្រិតដែលមានស្ថិរភាព ។សេដ្ឋកិច្ចរបស់ឥណ្ឌាបានកើនឡើងតែ៤,៥%ប៉ុណ្ណោះកាលពីឆ្នាំទៅមិញ បន្ទាប់ពីកំណើនសេដ្ឋកិច្ចកើនជាមធ្យម៨% ។
IMF បានព្យាករថា កំណើនសេដ្ឋកិច្ចឥណ្ឌានឹងឈានដល់៤,៦%សម្រាប់ឆ្នាំសារពើពន្ធ២០១៣-២០១៤ ហើយទំនងជាកើនឡើងដល់៥,៤%នៅឆ្នាំបន្ទាប់ ។ ស្ថាប័ននេះក៏បានណែនាំឲ្យប្រទេសឥណ្ឌាធ្វើកំណែទម្រង់រចនាសម្ព័ន្ធឲ្យបានស៊ីជម្រៅជាងមុនដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបរិយាកាសពាណិជ្ជកម្ម និងការកំណត់តម្លៃ ព្រមទាំងលៃលកធនធានធម្មជាតិ ៕
ចែករំលែកព័តមាននេះ