ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធ៥០% ដែល​ស្ថិត​ក្នុង​អត្រា​ខ្ពស់​បំផុត​របស់​អា​មេ​រិ​ក​ដាក់​លើ​ឥណ្ឌា ចូល​ជា​ធរមាន

1 នាទី មុន

សហរដ្ឋអាមេរិក ៖ ការ​ដំឡើង​ពន្ធគយ​ទ្វេរ​ដង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) លើ​ទំនិញ​ពី​ប្រទេស​ឥណ្ឌា​ដល់​ទៅ ៥០%…

សហរដ្ឋអាមេរិក ៖ ការ​ដំឡើង​ពន្ធគយ​ទ្វេរ​ដង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) លើ​ទំនិញ​ពី​ប្រទេស​ឥណ្ឌា​ដល់​ទៅ ៥០% បាន​ចូល​ជា​ធរមាន​តាម​ការ​គ្រោងទុក ចាប់ពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥ តទៅ ដោយ​បង្កើន​ភាព​តានតឹង​រវាង​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ទាំង​ពីរ​របស់​ពិភពលោក និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ផង​ដែរ​។

ការ​ដំឡើង​ពន្ធ ២៥% បន្ថែម​ពីលើ ២៥% ដែល​មាន​ស្រាប់ កើតឡើង​ដោយសារ​តែ​ការ​ទិញ​ប្រេង​របស់​ឥណ្ឌា​ពី​ប្រទេស​រុ​ស្ស៊ី​។ ដូច្នេះ​ពន្ធ​សរុប​កើន​ដល់ ៥០% សម្រាប់​ទំនិញ​ដូច​ជា សម្លៀក​បំពាក់ ត្បូង គ្រឿងអលង្ការ ស្បែកជើង ទំនិញ​កីឡា គ្រឿង​សង្ហា​រឹម និង​សារធាតុ​គីមី ខណៈ ៥០% នេះ គឺជា​អត្រាពន្ធ​ខ្ពស់​បំផុត​របស់​សហរដ្ឋអាមេរិក​ដែល​បាន​ដាក់​លើ​ឥណ្ឌា ដោយ​ស្មើ​ជាមួយ​ប្រេ​ស៊ី​ល​។

លោក ត្រាំ បាន​ប្រកាស​កាលពីមុន​ថា ការ​ដំឡើង​ពន្ធ​ចុង​ក្រោយ​បំផុត​លើ​ឥណ្ឌា ដើម្បី​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ៥ របស់​ពិភពលោក​មួយ​នេះ សម្រាប់​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​រុ​ស្ស៊ី ដូច​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ម៉ាស៊ីន​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។

កាលពី​ពេល​ថ្មី​ៗ​នេះ លោក ត្រាំ បាន​ជួប​ពិភាក្សា​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយនឹង​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្លា​ដឺ​មៀរ ពូ​ទី​ន (Vladimir Putin) និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelenskyy) ដើម្បី​ធ្វើ​ជា​អាជ្ញាកណ្តាល​សម្រាប់​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​ដ៏​យូរអង្វែង​របស់​ភាគី​ទាំង​ពីរ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ចរចា​នៅ​តែ​ជាប់​គាំង​។

ប្រធានាធិបតី​អា​មេ​រិ​កបាន​បង្កើន​ពន្ធគយ​អា​មេ​រិ​កលើ​ទំនិញ​ពី​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ចាប់តាំងពី​ខែមករា​ដើមឆ្នាំ​នេះ ដោយ​ធ្វើ​ឱ្យ​ទំនាក់ទំនង​កាន់តែ​តានតឹង​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត និង​ដៃគូ​ប្រជែង ក៏​ដូច​ជា​ជំរុញ​ឱ្យ​មានការ​ភ័យ​ខ្លាច​ចំពោះ​អតិផរណា​កើនឡើង​ផង​ដែរ​។ ឆ្លើយ​តប​នឹង​ចំណាត់ការ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ឥណ្ឌា​បាន​ចោទប្រកាន់​រដ្ឋបាល​លោក ត្រាំ ថា ដាក់​ទណ្ឌកម្ម​ពន្ធ​ដោយ​អយុត្តិធម៌​លើ​ខ្លួន ដោយ​ចង្អុលបង្ហាញ​ថា ប្រទេស​ផ្សេង​ទៀត​ដែល​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​មិន​ប្រឈម​នឹង​ការ​យកពន្ធ​ខ្ពស់​បែប​នេះ​ទេ​។

ជា​ឧទាហរណ៍ ប្រទេស​ចិន គឺជា​អ្នកទិញ​ប្រេង​ច្រើន​ជាងគេ​បំផុត​ពី​រុ​ស្ស៊ី ប៉ុន្តែ​ទំនិញ​ចិន​ប្រឈម​នឹង​ពន្ធ​អប្បបរមា​ត្រឹម ៣០% ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក ត្រាំ បាន​ព្រមាន​រួច​ហើយ​ថា ប្រទេស​ផ្សេង​ទៀត​ដែល​ទិញ​ប្រេង​រុ​ស្ស៊ី​អាច​ប្រឈម​មុខ​នឹង​ពន្ធ​ខ្ពស់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ទន្ទឹម​ជាមួយ​គ្នា​នោះ ក្រុម​មន្ត្រី​ឥណ្ឌា​ក៏​បាន​ព្រមាន​ថា ឥណ្ឌា​ទំនងជា​នឹង​ធ្វើការ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​រុ​ស្ស៊ី និង​ចិន ហើយ​ឃ្លាតឆ្ងាយ​ពី​អា​មេ​រិ​ក ដោយសារ​តែ​ចំណាត់ការ​ពន្ធគយ​ដ៏​ខ្ពស់​នេះ​។

យោង​តាម​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ទំនិញ​របស់​ឥណ្ឌា​ភាគច្រើន​ទៅ​កាន់​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​មុន មាន​តម្លៃ​សរុប​ចំនួន ៨៧,៣​ពាន់​លាន​ដុល្លារ ហើយ​ឥឡូវនេះ បណ្តា​ក្រុមហ៊ុននាំចេញ​ឥណ្ឌា​ប្រឈម​មុខ​នឹង​ការ​បង់ពន្ធ​ដ៏​ខ្ពស់ បើ​ទោះជា​ផលិតផល​សំខាន់​ៗ​មួយ​ចំនួន​រួម​ទាំង ស្មា​ត​ហ្វូ​ន ត្រូវ​បាន​លើកលែង​សម្រាប់​ពេល​នេះ​ក៏​ដោយ​។ តាម​រយៈ​ស្ថានភាព​នេះ បណ្តា​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​ព្យាករណ៍​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​៕ ប្រភព ៖ Reuters, CNN, BBC និង The Guardian

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ