សង្គ្រាមអ៊ុយក្រែន ៖ អ្នកទទួលខុសត្រូវម្នាក់របស់អេស្តូនី ដែលជាមិត្តជិតដិតនឹងអ៊ុយក្រែន អះអាង នាថ្ងៃទី២៦ សីហា ថា ដ្រូនប្រយុទ្ធ១គ្រឿងប្រហែលជារបស់អ៊ុយក្រែន បានវង្វេងផ្លូវហើយធ្លាក់និងផ្ទុះនៅអេស្តូនី ជាប្រទេសជាប់ជិតខាងរុស្ស៊ី តែមិនបណ្ដាលឲ្យមានជនរងគ្រោះឡើយ។
បណ្ដាបំណែករបស់ដ្រូននោះត្រូវបានរកឃើញដោយកសិករម្នាក់នៅអែលវ៉ា ជិតក្រុងតាទូភាគអាគ្នេយ៍អេស្តូនី ចម្ងាយប្រមាណជា៧៥គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី-អេស្តូនី ហើយរណ្ដៅមួយក្រោយការផ្ទុះក៏ត្រូវបានរកឃើញដែរ។
លោកម៉ាហ្គោប៉ាល់ឡូសុនអគ្គនាយក ភ្នាក់ងារសន្តិសុខផ្ទៃក្នុងអេស្តូនី ថ្លែងទៅកាន់សារព័ត៌មាននាថ្ងៃទី២៦សីហាថា តាមលទ្ធផលដំបូងៗនៃការស៊ើបអង្កេតយើងជឿជាក់ថា នោះជាដ្រូនមួយរបស់អ៊ុយក្រែន ដែលហោះសំដៅវាយប្រហារលើដែនដីរុស្ស៊ី។ លោកថា ដ្រូននោះអាចបង្វែរទិសដៅ ដោយឧបករណ៍GPS របស់រុស្ស៊ី ឬដោយមធ្យោបាយសង្គ្រាមអេឡិចត្រូនិកដទៃៗទៀត ទើបវង្វេងចូលមកក្នុងដែនអាកាសអេស្តូនី ។
ក្នុងសារមួយតាមបណ្ដាញសង្គមX នាយករដ្ឋមន្ត្រីអេស្តូនីលោកKRISTEN MICHAL បានរំឭកថា
រុស្ស៊ីចាប់តាំងពីយូរមកហើយបានប្រើការរំខានដោយGPS ធ្វើឲ្យស្ទះដល់ការធ្វើចរាចរណ៍តាមអាកាសនិងតាមសមុទ្រក្នុងតំបន់។ បណ្ដាប្រទេសជិតខាងរុស្ស៊ី និងអ៊ុយក្រែន រាយការណ៍ជាញឹកញាប់ពីការហោះចូលនៃដ្រូនមកពីដែនដីនៃប្រទេសជាសត្រូវគ្នាទាំង២នោះ ៕

ចែករំលែកព័តមាននេះ