ទីក្រុងឡុង៖ លោកត្រាំបានធ្វើដំណើរទៅដល់និវេសនដ្ឋានរបស់នាយករដ្ឋមន្ត្រីអង់គ្លេសនៅតំបន់ជនបទដើម្បីពិភាក្សាគ្នាអំពីសភាពការណ៍ពិភពលោកជាជាងនិយាយអំពីបញ្ហានយោបាយក្នុងស្រុក។ មួយថ្ងៃបន្ទាប់ពីលោកត្រាំធ្វើដំណើរទៅដល់អង់គ្លេស អមដោយការទទួលបដិសណ្ឋារកិច្ច និងពិធីលៀងសាយភោជន៍យ៉ាងអ៊ិកអធិកពីសំណាក់ព្រះមហាក្សត្រឆាលរួចមក លោកត្រាំ និងលោកស្តាមើ (នាយករដ្ឋមន្ត្រីអង់គ្លេស) នឹងប្រកាសគម្រោងវិនិយោគរបស់អាមេរិកដែលមានទឹកប្រាក់២០៥ពាន់លានដុល្លារនៅចក្រភពអង់គ្លេស។

កិច្ចព្រមព្រៀងនោះគ្របដណ្ដប់ទៅលើច្រើនវិស័យមានតាំងពីបច្ចេកវិទ្យា ថាមពល និងវិទ្យាសាស្ត្រធម្មជាតិ ហើយនឹងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងពិសេសរវាងប្រទេសទាំង២។ នេះជាអ្វីដែលលោកស្តាមើខិតខំសម្រេចឱ្យបានចាប់តាំងពីលោកត្រាំឡើងកាន់អំណាចនៅអាណត្តិទី២។ លោកទាំង២នឹងចូលរួមធ្វើសន្និសីទសារព័ត៌មាន ហើយគេរំពឹងថានឹងមានគេសួរលោកត្រាំអំពីប្រវត្តិទំនាក់ទំនងរវាងរូបលោក និងលោកអឹបស្តែន (Epstein) ដែលជាពិរុទ្ធជនត្រូវតុលាការកាត់ទោស និងដែលបានស្លាប់នៅក្នុងពន្ធនាគារកាលពីឆ្នាំ២០១៩។
បញ្ហាអឹបស្តែននេះជាចំណុចរសើប។ កាលពីសប្ដាហ៍មុន លោកស្តាមើសម្រេចចិត្តដកតំណែងឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសអាមេរិកបន្ទាប់ពីគេមានប្រភពច្បាស់ការណ៍ថាទូតរូបនោះធ្លាប់មានទំនាក់ទំនងជាមួយអឹបស្តែន។ ឥឡូវនេះ ទំនាក់ទំនងរវាងលោកត្រាំ និងលោកអឹបស្តែនក៏កំពុងស្ថិតនៅក្រោមការពិនិត្យពិច័យផងដែរ។ អ្នកវិភាគយល់ថាសម្រាប់លោកស្តាមើ លោកកំពុងឆ្លងកាត់ដំណាក់កាលពិបាកនៅក្នុងផ្ទៃក្នុងជាតិ។ ម៉្លោះហើយ លោកចង់ឱ្យសហគមន៍បអន្តរជាតិសម្លឹងមើលមកលោកក្នុងផ្លូវវិជ្ជមាន ហើយចង់ធ្វើការឱ្យស៊ីសង្វាក់គ្នាជាមួយលោកត្រាំនៅក្នុងបញ្ហាសំខាន់ៗ។

លោកត្រាំចង់បង្ហាញថាការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយលោកស្តាមើពិតជាមិនឥតប្រយោជន៍ទេ។ ភាគីទាំង២សង្ឃឹមថានឹងទទួលបានផលចំណេញទាំងសងខាង។ នៅក្នុងបញ្ហាទំនាក់ទំនងអន្តរជាតិ គេរំពឹងថាលោកស្តាមើនឹងនិយាយបញ្ចុះបញ្ចូលលោកត្រាំដើម្បីប្រកាន់ជំហរឱ្យម៉ឺងម៉ាតដាក់ប្រទេសរុស្ស៊ី។ លោកត្រាំទើបតែនិយាយផ្គាប់ចិត្តពួកអឺរ៉ុបដោយហៅរុស្ស៊ីថាជាប្រទេសឈ្លានពានគេ។ ប៉ុន្តែលោកទាមទារឱ្យពួកអឺរ៉ុបឈប់ទិញប្រេងឆៅពីរុស្ស៊ីជាមុនសិនបើចង់ឱ្យលោកដាក់ទណ្ឌកម្មលើរុស្ស៊ី។
នៅក្នុងបញ្ហាអ៊ីស្រាអែល លោកស្តាមើដោយសាររងសម្ពាធកាន់តែខ្លាំងឡើងៗពីមជ្ឈដ្ឋានជាច្រើន ដូចនេះនៅពេលជួបលោកត្រាំ លោកត្រូវតែបង្ខំចិត្តនិយាយអំពីបញ្ហាអ៊ីស្រាអែលដែលវាយប្រហារតំបន់ហ្កាហ្សា។ លោកត្រាំក៏មិនគាំទ្រទង្វើរបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះដែលវាយប្រហារអគារស្នាក់នៅរបស់មេដឹកនាំក្រុមហាម៉ាស់នៅប្រទេសកាតា។ ប៉ុន្តែនិយាយជារួម លោកនៅតែគាំទ្រនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ យ៉ាងពេញទំហឹងដដែល។ នេះបើយោងតាមប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ