បរទេស ៖ តម្លៃមាសអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ខណៈដែលតម្លៃប្រាក់ដុល្លារអាមេរិកកើនឡើង បន្ទាប់ពីធនាគារកណ្តាលអាមេរិក (Fed) បានកាត់បន្ថយអត្រាការប្រាក់ ០,២៥% ជាលើកដំបូងនៅឆ្នាំនេះ ហើយថែមទាំងបង្ហាញជំហរអំពីការកែសម្រួលគោលនយោបាយរូបិយវត្ថុរបស់ខ្លួនបន្ថែមទៀត។
គិតត្រឹមម៉ោង ២:៤០នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) តម្លៃមាសអន្តរជាតិបានធ្លាក់ចុះ ០,៩% មកនៅតម្លៃ ៣ ៦៥២ដុល្លារក្នុង១អោន ឬ ៤ ៤០០ដុល្លារក្នុង១តម្លឹង បន្ទាប់ពីហក់ឡើងដល់កម្រិតខ្ពស់បំផុត ៣ ៧០៧ដុល្លារក្នុង១អោន ឬ ៤ ៤៦៦ដុល្លារក្នុង១តម្លឹង កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅ។ បើទោះជាតម្លៃមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែមាសនៅតែឈរនៅតម្លៃខ្ពស់ដដែល។
ប្រាក់ដុល្លារអាមេរិកបានកើនឡើង ០,៤% ដើម្បីពង្រីកតម្លៃប្រឆាំងនឹងរូបិយប័ណ្ណជាគូប្រជែងរបស់ខ្លួន ដោយធ្វើឱ្យមាសមានតម្លៃថ្លៃសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។ ប្រាក់ដុល្លារកើនឡើង បន្ទាប់ពី Fed កាលពីថ្ងៃទី១៧ ខែកញ្ញា បានកាត់បន្ថយអត្រាការប្រាក់ ២៥ពិន្ទុមូលដ្ឋាន ឬ ០,២៥% ហើយបានបង្ហាញជំហររបស់ខ្លួនថានឹងមានការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះ ហើយព្រមទាំងបន្តឃ្លាំមើលពីហានិភ័យនៃអតិផរណា ដែលអាចកើនឡើង។
Fed បានកែសម្រួលគោលនយោបាយរូបិយវត្ថុ ដើម្បីរក្សាស្ថិរភាពទីផ្សារការងារដែលបង្ហាញលទ្ធផលអវិជ្ជមាន ដែលជាសញ្ជាមិនល្អសម្រាប់សេដ្ឋកិច្ច។ អត្រាថ្មីចន្លោះពី ៤-៤,២៥% ជាកម្រិតទាបបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែការសម្រេចនេះ ទំនងមិនមែនជាការពេញចិត្តសម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានរិះគន់ Fed ចំពោះចំណាត់ការយឺតពេល តបតាមការអំពាវនាវរបស់លោកឱ្យមានការកាត់បន្ថយច្រើនជាងនេះ។
បច្ចុប្បន្នវិនិយោគិនកំពុងកំណត់ឱកាស ៩០% ដែលថា Fed អាចនឹងកាត់បន្ថយអត្រាប្រាក់ ២៥ពិន្ទុមូលដ្ឋានផ្សេងទៀត នៅឯកិច្ចប្រជុំគោលនយោបាយបន្ទាប់របស់ Fed នៅខែតុលាខាងមុខនេះ៕
ចែករំលែកព័តមាននេះ