ខេត្តកំពង់ឆ្នាំង ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា ដោយសារមានធុំក្លិនស្អុយចេញពីផ្ទះមួយកន្លែង ធ្វើឱ្យប្រជាពលរដ្ឋដែលជាអ្នកជិតមានការសង្ស័យក៏បានទៅអើតមើល ស្រាប់តែប្រទះឃើញយុវតីម្នាក់ដេកស្លាប់ហើមស្អុយនៅក្នុងផ្ទះ និងរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីឱ្យចុះមកពិនិត្យកន្លែងកើតហេតុ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២៥ នៅភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ជុំវិញករណីខាងលើនេះដែរ សមត្ថកិច្ចនៅពុំទាន់ចូលពិនិត្យសពនៅឡើយទេ គិតត្រឹមវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលនេះ ដោយសាររង់ចាំក្រុមមន្ត្រីជំនាញរបស់ក្រសួង ព្រោះពាក់ព័ន្ធទៅនឹងករណីអនីតិជន ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះ ខឿន ជីង អាយុ ១៦ឆ្នាំ ។ យុវតីរងគ្រោះនៅតែម្នាក់ឯង ព្រោះឪពុកម្ដាយបែកបាក់គ្នា ដោយម្ដាយទៅនៅជាមួយប្ដីថ្មី ចំណែកឪពុកទៅរត់ម៉ូតូកង់បីនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ៤ទៅ១០ថ្ងៃទើបមកម្ដង ។
ចំពោះមូលហេតុនៃការស្លាប់របស់យុវតីខាងលើនៅមិនទាន់ដឹងនៅឡើយទេ តែសមត្ថកិច្ចសង្ស័យករណីឃាតកម្ម ។
ព័ត៌មានលម្អិតនិងមានផ្សាយនៅពេលក្រោយ ៕

ចែករំលែកព័តមាននេះ