ខេត្តសៀមរាប៖ ផ្នែកខ្លះនៃស្រុកពួក រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងស្រុកពួក ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក លោកប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ប្រចាំស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់។
ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការ ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ព្រមទាំងសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច។
ជាមួយគ្នានោះ ឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ត្រូវធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ គឺត្រូវប្រើឲ្យអស់គ្រប់វិធានការ ក្នុងការដោះស្រាយជូនដល់ប្រជាពលរដ្ឋយើង រស់នៅមានភាពសុខសាន្ត។
ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានចូលរួមរំលែកទុក្ខគ្រួសារដែលបានលិចទូកទឹកស្លាប់ ៣នាក់ រួមមាន ម្តាយ ឪពុក និងកូនស្រី ដែលមានអាយុ ១៣ឆ្នាំ ក្នុងស្ថានភាពទឹកជំនន់នេះផងដែរ៕
ចែករំលែកព័តមាននេះ