ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារម្តងហើយមិនរាង លើកនេះឃើញម៉ូតូអ្នកលក់ត្រី ទុកទំនង មិនដកសោចេញពីម៉ូតូ ក៏លួចបានសម្រេច បម្រុងជិះរត់គេច ប៉ុន្តែស៊យ ត្រូវម្ចាស់គេឃើញទាន់ស្រែកចោរៗ ស្ទុះមកចាប់បាន ប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងផ្សារតាខ្មៅថ្មី ភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការរដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង វិចិត្រ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ធ្លាប់ជាប់ពន្ធធានាគារ ចំនួន០១លើក វិជ្ជមានសារធាតុញៀនក្នុងទឹកនោម(+) ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
១-ម៉ូតូ១គ្រឿង ម៉ាកHonda c125 ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាក់លេខ កណ្តាល 1U.8015 (របស់ជនរងគ្រោះ)។
២-ទូរសព្ទដៃ១គ្រឿងម៉ាក VIVO ១គ្រឿង ពណ៌ខៀវ ។
ចំណែកជនរងគ្រោះមានឈ្មោះ រៀម សុផា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ៤ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាលន មុខរបរលក់ត្រី ជាម្ចាស់ម៉ូតូម៉ាក Honda c125 ពណ៌ខ្មៅ ឆ្នាំ២០១៧ ស្លាកលេខ កណ្តាល 1U-8015 (រកឃើញវិញ) ។
លោកបានបន្តឲ្យដឹងទៀតថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោង០៨និង៣០នាទីព្រឹក ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ដឹកត្រីយកមកលក់នៅក្នុងផ្សារតាខ្មៅថ្មី ស្ថិតនៅភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយមកបានយកម៉ូតូទៅទុកនៅក្រោយកន្លែងលក់ ដោយភ្លេចដកសោចេញពីម៉ូតូ ស្រាប់តែមានជនសង្ស័យឈ្មោះ ហេង វិចិត្រ បានធ្វើសកម្មភាពមកលួចម៉ូតូរបស់ជនរងគ្រោះ ប្រុងជិះគេចខ្លួន តែត្រូវបានជនរងគ្រោះឃើញទាន់ ក៏បានស្រែកថាចោរៗ ភ្លាមនោះ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាព័ទ្ធចាប់បាន រួមទាំងវត្ថុតាងយកមកប្រគល់ឲ្យសមត្ថកិច្ចធ្វើការសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើ ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់ ៕


ចែករំលែកព័តមាននេះ