ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​កម្ពុជា ប្រកាស​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​របស់​ថៃ​រឿង​ដាក់​មីន​ថ្មី និង​ស្នើ​ឲ្យ​គោរព​កិច្ចព្រមព្រៀង GBC

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ភស្តុ​តាង​ម្តង​ហើយ​ម្តងទៀត​របស់​ភាគី​ថៃ​ថា កម្ពុជា​បាន​ប្រើប្រាស់ និង​បន្ត ដាក់​មីន​ប្រឆាំង​មនុស្ស នៅ​តំបន់​តាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ។

ក្រសួងការពារជាតិ​សូម​គូស បញ្ជាក់​សា​ជា​ថ្មី​ម្តងទៀត​ថា កម្ពុជា​មិន​បាន​ប្រើប្រាស់ និង​មិន​បាន​ដាក់​គ្រាប់​មីន​ថ្មី​ឡើយ និង​ប្រកាន់ខ្ជាប់ នូវ​ការ​គោរព​អនុសញ្ញា​អូ​តា​វ៉ា ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី នៃ​អនុសញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង មនុស្ស​នេះ​។ ដូច្នេះ​ការ​ចោទប្រកាន់​បំភ្លៃ ខុស​ពី​ការ​ពិត​ទាំងនេះ​របស់​ភាគី​ថៃ មក​លើ​កម្ពុជា គឺ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កើនឡើង​ភាព​តានតឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ជំនឿ​ទុកចិត្ត​គ្នា​ទៅ​វិញ ទៅ​មក ។

ក្នុង​ន័យ​នេះ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ស្នើ​ភាគី​ថៃ ប្រកាន់ខ្ជាប់ នូវ​គោលការណ៍ ដែល​ភាគី​កម្ពុជា និង​ភាគី​ថៃ​បាន​ឯកភាព​គ្នា ដូច​មាន​ចែង​នៅ​ក្នុង​កំណត់ហេតុ​រួម នៃ​កិច្ចប្រជុំ គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) និង​កិច្ចប្រជុំ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) ទាំងអស់ រួម​ទាំង​ស្មារតី នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ខ្ជាប់ខ្ជួន ដែល​បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ ត្រូវ​ចៀសវាង​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី កាត់​បន្ថយ​ភាព​តានតឹង កាត់​បន្ថយ​សាធារណ​មតិ​អវិជ្ជមាន និង​លើកកម្ពស់​បរិយាកាស​អំណោយ ផល សម្រាប់​កិច្ច​សន្ទនា​ដោយ​សន្តិវិធី​ដែល​ជា​ចំណែក​មួយ ក្នុង​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ មាន​ប្រសិទ្ធភាព និង​ការ​ត្រឡប់​មក​ប្រក្រតី​ភាព​ឡើង​វិញ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ កម្ពុជា​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សហការ​ជាមួយ​ភាគី​ថៃ នៅ​គ្រប់​កម្រិត ដើម្បី លើកកម្ពស់​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​យើង​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ