ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​កម្ពុជា ៖ ការ​បង្កហេតុ​ជា​បន្តបន្ទាប់​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​ថៃ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បទ​ឈប់​បា.ញ់ និង​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ទាំង​ពីរ

54 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការ​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​គូសបញ្ជាក់​ថា​ការ​បង្កហេតុ​ជា​បន្តបន្ទាប់​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​ថៃ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​នៅ​តាម បណ្តោយ​ព្រំដែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​អន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ រាជរដ្ឋាភិបាល​ទាំង​ពីរ ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការ​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​គូសបញ្ជាក់​ថា​ការ​បង្កហេតុ​ជា​បន្តបន្ទាប់​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​ថៃ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​នៅ​តាម បណ្តោយ​ព្រំដែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​អន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ រាជរដ្ឋាភិបាល​ទាំង​ពីរ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០២៥​ថា មានការ​ព្រួយ បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​គ​ឃ្លី​ន និង​បង្កហេតុ ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ ក្នុងភូមិ​ព្រៃ​ចាន់ ឃុំ​អូ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្រសួង​បាន​លើក​ឡើង​ថា យោង​តាម​របាយការណ៍​ដែល​អាច​ទុកចិត្ត​បាន ទាហាន​ថៃ​ដែល​ប្រដាប់​ដោយ​ខែល​ការពារ ដំបង និង​អាវុធ បាន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ហើយ​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ ព្រមទាំង​ប្រើ​ឧបករណ៍​បំពង​សម្លេង​ហ្វ្រេ​កង់​ខ្ពស់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ត្រចៀក​របស់​ប្រជាពលរដ្ឋ កម្ពុជា នៅ​ភូមិ​ព្រៃ​ចាន់​។ សកម្មភាព​ទាំងនេះ បាន​បណ្តាល​ឱ្យ​មាន​របួស​ដល់​ជន​ស៊ី​វិល​ជា​ច្រើន​នាក់ រួម​ទាំង​ព្រះសង្ឃ​ផង​ដែរ នៅ​ក្នុងអំឡុងពេល​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តានតឹង​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​ការពារ​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន ដោយ​សន្តិវិធី​។ សកម្មភាព​បំភិតបំភ័យ ដែល​ពុំ​អាច​ទទួលយក​បាន​នេះ រួម​ជាមួយនឹង​ការ​ភ្ន​ង់​ដោយ​អាវុធ​ពិត​ទៅ​លើ​ជន​ស៊ី​វិល គឺជា​ការ រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ លើ​អធិបតេយ្យ និង​បូរណៈភាព​ទឹកដី​របស់​កម្ពុជា ក៏​ដូច​ជា​ទៅ​លើ​គោល​-​ការណ៍​ជា​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​មនុស្សធម៌​។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា ជន​ស៊ី​វិល​កម្ពុជា ដែល​គ្មាន​អាវុធ និង​កំពុង​រស់នៅ​ដោយ​សន្តិភាព​លើ​ទឹកដី​ដូនតា​របស់​ខ្លួន មិន​ត្រូវ​ទទួល​រង​នូវ​ការ​គំរាមកំហែង ការ​រំខាន ឬ​អំពើ​ហិង្សា ដូច្នេះ​ឡើយ ។

ក្រសួង​ការ​បទេស​បាន​គូសបញ្ជាក់​ថា ៖ “​ការ​បង្កហេតុ​ជា​បន្តបន្ទាប់​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​ថៃ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​នៅ​តាម បណ្តោយ​ព្រំដែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​អន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ទាំង​ពីរ ក្នុង​ការ​ដោះស្រាយ​វិវាទ​តាម​រយៈ​កិច្ច​សន្ទនា​ដោយ​សន្តិវិធី​នានា​” ។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទទូច​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ថៃ បញ្ឈប់​ជា​បន្ទាន់ នូវ​សកម្មភាព​អរិភាព​បែប​នេះ អនុវត្ត​ការ​អត់ធ្មត់​ជាទី​បំផុត និង​ធានា​ថា ទាហាន​របស់​ខ្លួន គោរព​យ៉ាង​ពេញលេញ​នូវ​អធិបតេយ្យ សេចក្តី​ថ្លៃថ្នូរ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ កម្ពុជា សូម​អំពាវនាវ​បន្ថែម​ទៀត​ដល់​សហគមន៍​អន្តរជាតិ ជា​ពិសេស​អាស៊ាន និង​បណ្តា​ដៃគូ​ពាក់ព័ន្ធ ឱ្យ​យកចិត្តទុកដាក់​លើ​កា​រវិ​វត្ត​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ទាំងនេះ និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា សំដៅ​ទប់ស្កាត់​ការ​កើនឡើង​នៃ​ភាព​តានតឹង បន្ថែម​ទៀត ។

ព្រះរាជាណាចក្រ​កម្ពុជា នៅ​តែ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​ជម្លោះ ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដោយ​សន្តិវិធី ដោយ​ផ្អែក​លើ​គោលការណ៍​នៃ​ភាព​ជា​អ្នក​ជិតខាង​ល្អ ច្បាប់ អន្តរជាតិ និង​ស្មារតី​សាមគ្គីភាព​របស់​អាស៊ាន​។ កម្ពុជា​បាន​គូសបញ្ជាក់​យ៉ាង​ខ្ជាប់ខ្ជួន​ថា កិច្ច​សន្ទនា និង​ការ​ចរចា គឺជា​មាគ៌ា​ឆ្ពោះទៅ​មុខ ដែល​អាច​ធ្វើ​បាន​តែ​មួយ​គត់ តាម​រយៈ​ការ​ប្រើប្រាស់​យន្តការ ទ្វេភាគី​ឱ្យ​បាន​ពេញលេញ ដូច​ជា គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) គណៈកម្មាធិការ​ព្រំដែន ថ្នាក់​ភូមិភាគ (RBC) និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក (JBC) ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់​ៗ ប្រកបដោយ​ការ​ស្ថាបនា​។ កម្ពុជា​ក៏​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់ នៃ​វិធានការ​កសាង​ទំនុកចិត្ត កិច្ច​សហប្រតិបត្តិការ​ផ្នែក​មនុស្សធម៌ និង​ការ​ការពារ​ជន​ស៊ី​វិល​នៅ​តាម បណ្តោយ​ព្រំដែន ខណៈ​បដិសេធ​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ណា ដែល​អាច​បង្កើន​ភាព​តានតឹង​។ តាម​រយៈ​ការ​ផ្តល់​អាទិភាព​ដល់​មធ្យោបាយ​ការទូត និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ កម្ពុជា​ប៉ង ប្រាថ្នា​ឱ្យ​ជម្លោះ​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​លើកកម្ពស់ ស្ថិរភាព និង​ភាព​សុខដុមរមនា សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ