ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សង្ឃ​ និង​ពុទ្ធបរិស័ទ​ក្រុង​បាត់ដំបង​និង​ខេត្តសៀមរាប ​នាំ​យក​វិទ្យុទាក់ទង​នឹង​ស្បៀង អាហារ ​ប្រគល់​ជូន​វីរៈកងទ័ព​ជួរ​មុខ ក្នុងខេត្តព្រះវិហារ​

11 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​បះ មន្ត្រី​សង្ឃ និង ពុទ្ធបរិស័ទ​ក្រុង​បាត់ដំបង និង ខេត្តសៀមរាប​ ​ដឹកនាំ​ដោយ​ព្រះពុទ្ធ​រស្មី យឿ​ម រដ្ឋសភា ព្រះ​រាជាគណៈ​កិត្តិ យស…

ខេត្ត​សៀម​រា​បះ មន្ត្រី​សង្ឃ និង ពុទ្ធបរិស័ទ​ក្រុង​បាត់ដំបង និង ខេត្តសៀមរាប​ ​ដឹកនាំ​ដោយ​ព្រះពុទ្ធ​រស្មី យឿ​ម រដ្ឋសភា ព្រះ​រាជាគណៈ​កិត្តិ យស ព្រះ​អនុគណ​ក្រុង​បាត់ដំបង​ ​និង ព្រះ​យស​បញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធាន​សាខា​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ ខេត្ត បាត់ដំបង​ ​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៥ បាន​នាំ​យក វិទ្យុទាក់ទង ស្បៀងអាហារ នឹង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដែល​ជា​ជំនួយ​ឧបត្ថម្ភ​ពី​ព្រះ​ចៅអធិការ​ទាំង​២៨​វត្ត​នៃ​ក្រុង​បាត់ដំបង រួម​ទាំង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​វត្ត​ខ្មែរ​បា​លិ​លេ​យ្យ សហរដ្ឋ​អា​មេ​រិច និង សប្បុរសជន​ខ្មែរ​ក្នុង​ប្រទេស យក​ទៅ​ផ្តល់​ជូន​កងទ័ព​ជួរ​មុខ​តាម​ខ្សែបន្ទាត់​ព្រំដែន ស្ថិត​តំបន់ តា​ថាវ ,​បុស្ស​ស្បូវ​, អានសេះ​, ភ្នំ​ខ្មោច និង​តំបន់​មុំ​បី ស្ថិត​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​បាន​ធ្វើ​ឡើង​នៅ​វត្ត​ទួល​អណ្តែត ។​ 

ក្នុង​ឱកាស​នោះ​ដែរ ព្រះពុទ្ធ​រស្មី យឿ​ម រដ្ឋសភា ព្រះ​រាជាគណៈ​កិត្តិ យស ព្រះ​អនុគណ​ក្រុង​បាត់ដំបង បាន​មាន​សង្ឃដីកា​ថា ក្នុង ស្មារតី​ខ្មែរ​រួបរួមសាមគ្គី​គ្នា លើកទឹកចិត្ត​ដល់​បងប្អូន​កងទ័ព​ដែល​កំពុង​ឈរជើង​តាម​បន្ទាត់​ព្រំដែន ដែល​បាន​លះបង់​គ្រប់យ៉ាង ដើម្បី​ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ ព្រះសង្ឃ សប្បុរសជន​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស មាន​ទឹកចិត្ត ទឹក ព្រះ​ទ័យ ចូលរួម​លើកទឹកចិត្ត​ដល់​កងទ័ព ដោយ​បាន​ជួយ​ឧបត្ថម្ភ ជា វិទ្យុទាក់ទង ស្បៀង អាហារ សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃជា​ច្រើន​មុខ និង​ឧបត្ថម្ភ​ថវិកា​តាម​ទិស​ដៅ​នីមួយ​ៗ បេ​ី​គិត​ជា​ទឹកប្រាក់ ប្រមាណ ៦០​លាន​រៀល ។

ការ​ផ្តល់​ជូន​នូវ​សម្ភារៈ​ទាំងនេះ មិនមែន​ថា រាជរ​ដ្ឋា​ភិ បាលខ្វះខាត​នោះ​ទេ តែ​ជា​ការ​ចូលរួម​ជួយ ឧបត្ថម្ភ​បន្ថែម​ទៀត ។

ព្រះ​អង្គ​បាន​បន្ថែម​ថា យើង​ពិតជា​មាន​មោទកភាព ចំពោះ​វី​រៈ​កងទ័ព ពោរពេញ​ដោយ​ឆន្ទៈ មនសិការ ស្មារតី​ក្លាហាន និង​សេចក្តី​ស្មោះត្រង់​ចំពោះ​ជាតិ ដែល​ពួក​គាត់​បាន​សុខចិត្ត​យក​ទ្រូង​ពាំង​គ្រាប់រំសេវ និង​អាវុធ​គ្រប់​ប្រភេទ ប្តូរ​យកសុខ​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា​ទាំងមូល ដែល​យើង​អាច​ស​ម្រា​ន​លក់ ហូប​ឆ្ងាញ់ ប្រកបដោយ​ស្នាមញញឹម និង​ភាព​កក់ក្តៅ​ជាមួយ​ក្រុម​គ្រួសារ ។​ ​

ព្រះ​អង្គ​បាន មាន​សង្ឃដីកា និង ផ្តល់​នូវ​ពុទ្ធឱវាទ​មួយ​ចំនួន ដល់​បងប្អូន​វី​រៈ​កងទ័ព ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង គោរព​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជ រដ្ឋាភិបាល រួម​សាមគ្គី​ក្នុង​មហា​គ្រួសារ​ខ្មែរ ដើម្បី​រក្សា​នូវ​សន្តិភាព ពីព្រោះ​កម្ពុជា​យើង​មិន​ត្រូវការ​សង្គ្រាម​នោះ​ឡើយ ម្យ៉ាងទៀត​ត្រូវ​ថែទាំ​សុខ ភាព អនាម័យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ