ទីក្រុងប៉េកាំង៖ ប្រទេសចិនរៀបចំពិធីរំលឹកអនុស្សាវរីយ៍ជូរចត់គ្រាដែលកងទ័ពជប៉ុនវាយប្រហារទីក្រុងណានជីង (កាលនោះជារដ្ឋធានីរបស់ចិន) និងប្រព្រឹត្តអំពើកាប់សម្លាប់យ៉ាងរង្គាលទៅលើមនុស្ស៣សែននាក់ (យោងតាមការអះអាងរបស់ចិន) កាលពីឆ្នាំ១៩៣៧។ នៅក្នុងពិធីនោះ ប្រធានាធិបតីចិន លោកស៊ីជីនពីង មិនបានចូលរួមទេ។ គេកត់សម្គាល់ថាពិធីនេះរៀបចំនៅក្នុងទំហំតូចល្មមតែប៉ុណ្ណោះ។ ខណៈដែលប្រទេសទាំង២កំពុងមានជម្លោះការទូតនឹងគ្នា គេគិតថាគួរណាស់រៀបចំឱ្យបានធំដុំដើម្បីបញ្ឈឺចិត្តជប៉ុន។

ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុនថ្លែងសុន្ទរកថានៅរដ្ឋសភាកាលពីថ្ងៃទី៧ ខែវិច្ឆិកាពាក់ព័ន្ធនឹងគម្រោងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ប្រទេសចិនបានបង្ហាញកំហឹងពុះកញ្ជ្រោលដាក់ជប៉ុន។ ប្រវត្តិជូរចត់ពីអតីតកាលជាអ្វីដែលតាមលងបន្លាចមិនឱ្យប្រទេសទាំង២មានទំនាក់ទំនងល្អជាមួយគ្នាបានឡើយ។ ប្រជាជនចិនតែងតែផ្ដាំផ្ញើអ្នកជំនាន់ក្រោយកុំឱ្យភ្លេចឱ្យសោះព្រឹត្តិការណ៍សម្លាប់រង្គាលនៅណានជីង។

សាលាក្ដីកាត់ទោសពួកឧក្រិដ្ឋជននៅក្នុងព្រឹត្តិការណ៍នោះបានកំណត់តួលេខថាជនរងគ្រោះដែលស្លាប់កាលនោះមានចំនួនជាង១៤ម៉ឺននាក់។នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍នោះ មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិន លោកស៊ីថៃហ្វឹង (Shi Taifeng) បាននិយាយរំលឹកទៅដល់សុន្ទរកថារបស់លោកស៊ីជីនពីងកាលពីខែកញ្ញានៅពេលរំលឹកខួប៨០ឆ្នាំនៃទិវាជ័យជម្នះលើពួកហ្វាស៊ីសជប៉ុន។

លោកថ្លែងថាប្រវត្តិសាស្ត្របង្ហាញថាចិនជាប្រទេសដ៏អស្ចារ្យដែលមិនខ្លបខ្លាចឥទ្ធិពលរបស់នរណាទាំងអស់ ហើយពឹងផ្អែកលើកម្លាំងខ្លួនឯង។ លោកស៊ីថៃហ្វឹងមិនបាននិយាយឈ្មោះរបស់លោកស្រីតាកាអ៊ីឈិ (នាយករដ្ឋមន្ត្រីជប៉ុន) ទេ។ ប៉ុន្តែលោកនិយាយបញ្ឆិតបញ្ឆៀងដោយមិនបញ្ចេញឈ្មោះថាលោកស្រីចង់បកក្រោយទៅរកសម័យកាលយោធានិយម។

លោកថ្លែងថាប្រវត្តិសាស្ត្របានបង្ហាញយើងរួចហើយ ហើយនឹងបន្តលាតត្រដាងទៅថ្ងៃអនាគតទៀតថារាល់ការប៉ុនប៉ងងាកទៅរករបបដឹកនាំបែបយោធានិយមឡើងវិញ, ការចង់ផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទី២ ឬការធ្វើឱ្យប៉ះពាល់សន្តិភាព និងស្ថិរភាពពិភពលោកនឹងមិនអាចទទួលការអនុគ្រោះពីសំណាក់ប្រជាជនដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌នៅទូទាំងពិភពលោកបានឡើយ។

ដូច្នេះ លោកយល់ថាគំនិតយោធានិយមនឹងបរាជ័យជាមិនខាន។ នៅចុងបញ្ចប់នៃពិធីរំលឹកអនុស្សាវរីយ៍នោះ គេបានលែងសត្វព្រាបជាច្រើនក្បាលដើម្បីហោះហើរលើអាកាសនៅចំពោះមុខក្រុមអ្នកចូលរួមដែលមាននគរបាល និងកូនសិស្សសាលាជាច្រើននាក់។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ