ខេត្តក្រចេះ៖ អាជ្ញាធរខេត្តក្រចេះនាថ្ងៃទី២៦ សីហា ឆ្នាំ២០២៥ បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនជាង ៦គីឡូក្រាម និងដើមកញ្ឆាជាង ១ពាន់ដើម នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្រោយនីតិវិធីរបស់តុលាការចូលជាស្ថាពរ។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានសម្រេចកំណត់យក ប្រធានបទនៃទិវាសម្រាប់ឆ្នាំ២០២៥ នេះ គឺ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ជាពិសេសការអនុវត្តផែនការ ស្តីពីគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គ្រប់ដំណាក់កាល ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១។
លោកអភិបាលខេត្តក្រចេះ បានបន្តទៀតថា មន្ត្រីអនុវត្តច្បាប់បានខិតខំប្រឹងប្រែងស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាន់តែមានការកើនឡើងជារៀងរាល់ឆ្នាំ ខណៈដែលការងារផ្សព្វផ្សាយពីផលប៉ះពាល់ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនធ្វើបានច្រើន។
លោកអភិបាលខេត្ត ក៏បានថ្លែង សង្កត់ធ្ងន់ថា «ជនល្មើសដែលបានផ្តន្ទាទោសរួចរាល់ហើយ នៅពេលដែលចេញពីពន្ធនាគារមកវិញ ភាគច្រើនមិនមានការរាងចាល នៅតែធ្វើសកម្មភាពជួញដូរគ្រឿងញៀនឡើងវិញដដែល។ លោកបន្តថា បទល្មើសជួញដូរគ្រឿងញៀនតូចតាចនៅក្នុងមូលដ្ឋាន ហាក់នៅមិនទាន់មានការថមថយនៅឡើយ និងការប្រើប្រាស់គ្រឿងញៀន ដោយបំពានបានជ្រួត
ជ្រាបដល់ស្រទាប់យុវវ័យ និងរីករាលដាល ទៅដល់តំបន់ជនបទដាច់ស្រយាល» ផងដែរ។
ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានលើកឡើងថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មន្ត្រីអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានបន្តយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ។
លោកថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាប បទល្មើសគ្រឿងញៀនសរុប ៩២ករណី ដោយក្នុងនោះ ចាប់ខ្លួនជនសង្ស័យ ១៥៦នាក់ ស្រី៧នាក់ ។
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានបន្តថា ក្រៅពីនេះ បានដកហូតបានសម្ភារ ដែលជាវត្ថុតាងជាច្រើន មានដូចជា៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៦០០កញ្ចប់ មានទម្ងន់១ពាន់ ៧៨៣ក្រាម, សារធាតុមិនច្បាស់លាស់ ១កញ្ចប់ ទម្ងន់ស្មើ ១,៨៧ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១៨គ្រឿង, ម៉ូតូ៥៨គ្រឿង, ទូរស័ព្ទ ១២៨គ្រឿង និងសម្ភារពាក់ព័ន្ធផ្សេងៗ មួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា៖គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោល ពេលនោះ រួមមាន៖ គ្រឿងញៀនទម្ងន់ ២ពាន់ ៤៨១ក្រាម, កញ្ជាក្រៀមទម្ងន់ ៣ពាន់ ៩១០ក្រាម គ្រាប់ពូជកញ្ជាទម្ងន់ ១៣៣ក្រាម និងដើមកញ្ជាស្រស់ ១ពាន់ ៤០០ដើម ផងដែរ។ គ្រឿងញៀនទាំងនេះគឺជាវត្ថុតាមចាប់យកក្រោយតុលាការបញ្ចប់នីតិវិធីនិងសាលក្រមចូលជាតិថាពរ៕











ចែករំលែកព័តមាននេះ