រាជធានីភ្នំពេញ ៖ ជនសង្ស័យ០២នាក់ដែលធ្វើសកម្មភាពលួចកាត់យកនាឡិកាទឹករបស់ប្រជាពលរដ្ឋ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ នេះបើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្សាយនាព្រឹកថ្ងៃទី២៧ ខែសីហានេះ ។

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ម៉ោង១៧:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ដែលធ្វើសកម្មភាពលួចកាត់យកនាឡិកាទឹករបស់ប្រជាពលរដ្ឋ នៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ។
ឃាត់ខ្លួនជនសង្ស័យ០២នាក់ ៖ ១-ឈ្មោះ វិ សិលា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។

២-ឈ្មោះ ង្វៀង យ៉ាងសាន់ ភេទប្រុស ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។
ចំពោះវត្ថុតាងដកហូត: ម៉ូតូសណ្តោងរ៉ឺម៉កជិះធ្វើសកម្មភាព ។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ