ទីក្រុងវៀងច័ន្ទ ៖ ប្រទេសឡាវនឹងចាប់ផ្តើមប្រើប្រាស់កំណែទម្រង់សាកល្បង ឬ Trial Version នៃប្រព័ន្ធចុះឈ្មោះភ្ញៀវបរទេសតាមបច្ចេកវិទ្យាឌីជីថលថ្មីរបស់ខ្លួន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដោយសម្គាល់ការផ្លាស់ប្តូរឆ្ងាយពីទម្រង់បែបបទអន្តោប្រវេសន៍តាមក្រដាសប្រថាប់ត្រា សម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេសទាំងអស់។ នេះបើតាមប្រភពពីសារព័ត៌មានក្នុងស្រុក Laotian Times បានចេញផ្សាយ។
នាយកដ្ឋានអន្តោប្រវេសន៍ក្រោមក្រសួងសន្តិសុខសាធារណៈប្រទេសឡាវ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានប្រកាសថា ប្រព័ន្ធចុះឈ្មោះឌីជីថលថ្មី ឬវេទិកាអនឡាញ នឹងចាប់ផ្តើមសាកល្បងនៅច្រកចេញចូលអន្តរជាតិសំខាន់ៗ ៤ គឺអាកាសយានដ្ឋានអន្តរជាតិវត្តី (Wattay) ទីក្រុងវៀងច័ន្ទ, អាកាសយានដ្ឋានអន្តរជាតិហ្លួងព្រះបាង (Luang Prabang), អាកាសយានដ្ឋានអន្តរជាតិប៉ាកសេ (Pakse) និងស្ពានមិត្តភាពឡាវ-ថៃទី១ តភ្ជាប់ក្រុងវៀងច័ន្ទជាមួយខេត្តណងខៃ (Nong Khai) ប្រទេសថៃ។
ជនបរទេសដែលចូល ឬចេញតាមច្រកព្រំដែនអាកាសយានដ្ឋាន នឹងត្រូវចុះឈ្មោះជាមុនតាមរយៈគេហទំព័រក្រសួង (www.immigration.gov.la) ដើម្បីទទួលបានកូដ QR ដែលមានសុពលភាពរយៈពេល ៣ ថ្ងៃ (មុនពេលមកដល់ និងចេញដំណើរ) ហើយបង្ហាញកូដនោះនៅច្រកទ្វារព្រំដែន។ តាមរយៈប្រព័ន្ធថ្មីនេះ អ្នកដំណើរនឹងត្រូវផ្តល់ព័ត៌មានលម្អិតសំខាន់ៗដូចជា ព័ត៌មានលិខិតឆ្លងដែន ទិន្នន័យទិដ្ឋាការ ផែនការធ្វើដំណើរ និងទីតាំង ឬ អាសយដ្ឋានដែលពួកគេចង់បានពេលស្នាក់នៅក្នុងប្រទេសឡាវ។
ប្រព័ន្ធថ្មីនេះ អនុវត្តចំពោះជនបរទេសទាំងអស់ដែលចូលប្រទេសឡាវតាមផ្លូវអាកាស ឬផ្លូវគោក។ ទោះយ៉ាងណាក៏ដោយ ពលរដ្ឋថៃដែលចូលប្រទេសឡាវដោយប្រើប័ណ្ណព្រំដែន ឬ Border Pass ជំនួសលិខិតឆ្លងដែន នឹងត្រូវបានលើកលែងពីតម្រូវការចុះឈ្មោះអនឡាញ អំឡុងពេលនៃការធ្វើកំណែទម្រង់សាកល្បង។ ជាមួយគ្នានោះ ប្រជាពលរដ្ឋឡាវ ក៏ដូចជាជនបរទេសដែលទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសឡាវ មិនតម្រូវឱ្យចុះឈ្មោះតាមរយៈវេទិកាថ្មីនេះទេ ពួកគេអាចបន្តឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យដោយប្រើនីតិវិធីដែលមានស្រាប់។
រដ្ឋាភិបាលឡាវនឹងតាមដាន ក៏ដូចជាវាយតម្លៃប្រព័ន្ធនេះក្នុងរយៈពេលសាកល្បងពីរឆ្នាំ ជាមួយការអនុវត្តន៍នៅទូទាំងប្រទេសដែលកំណត់គោលដៅសម្រាប់ឆ្នាំ២០២៦ ជំនួសឱ្យនីតិវិធីក្រដាសទាំងស្រុង។ ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅក្នុងនីតិវិធីអន្តោប្រវេសន៍ត្រូវបានរំពឹងថានឹងសន្សំសំចៃពេលវេលាសម្រាប់ភ្ញៀវ និងអ្នកវិនិយោគបរទេស ក៏ដូចជាជួយដល់ការកែលម្អប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់អាជ្ញាធរផងដែរ៕

ចែករំលែកព័តមាននេះ