ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងពីរនាក់បានត្រូវប៉ូលិសក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់បុរសម្នាក់ បន្ទាប់ពីក្មេងទំនើងទំាងពីរបានយកដុំថ្មគប់ទៅលើដើមបណ្តឹងបណ្តាលឲ្យរងរបួសឈាមពេញផ្ទៃមុខដេរជាច្រើនថ្នេរនោះរួចមក ។
ហេតុការណ៏ឃាត់ខ្លួននេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ កុម្ភៈ ២០១៤ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់-ក្រុងប៉ោយប៉ែត ។
ក្មេងទំនើងទំាងពីរនាក់រស់នៅភូមិ-សង្កាត់ចាប់ខ្លួនខាងលើ ម្នាក់មានឈ្មោះ តៅ សុខជា អាយុ១៨ឆ្នាំ និងឈ្មោះ ឃាង សុខឃឿន អាយុ១៨ឆ្នាំ ។ ចំណែកបុរសដែលអះអាងថាជាជនរងគ្រោះនិងជាដើមបណ្តឹងឈ្មោះ ជូ ជន់ អាយុ២៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូដើរលេងនៅចំណុចដើមស្រល់ក្បែរកាស៊ីណូមួយកន្លែងនៅក្រុងប៉ោយប៉ែត ខណៈនោះលេចមុខក្មេងទំនើងទំាងពីរនាក់ដែលរៀននៅវិទ្យាល័យអូរជ្រៅ បានជិះម៉ូតូស្គុបពីមួយគ្រឿងអែបក្បែរ ហើយបានជេរទៅលើបុរសរូបនោះដោយមិនដឹងមូលហេតុ ពេលនោះជនរងគ្រោះក៏បានបង្អង់ម៉ូតូសួរនំាហើយក៏ជិះម៉ូតូចេញទៅ ស្រាប់តែក្មេងទំនើងទំាងពីរនាក់បានរើសដុំថ្មជិះដេញតាមពីក្រោយ និងគប់ទៅលើផ្ទៃមុខជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ធ្ងរដេរជាច្រើនថ្នេរតែម្តង ។
បច្ចុប្បន្ន ប៉ូលិសកំពុងកសាងសំណុំរឿងបញ្ជូនក្មេងទំនើងទំាងពីរនាក់ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ