ខេត្តកំពង់ចាម ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវជនមិនស្គាល់មុខវាយសម្លាប់ ប្លន់យកម៉ូតូម៉ាកណេវ ផលិតនៅប្រទេសវៀតណាម ទៅបាត់ ហើយសពត្រូវគេប្រទះឃើញ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២០ កុម្ភៈ ២០១៤ នៅក្នុងព្រៃ ស្ថិតក្នុងភូមិចង្គំ ឃុំ ទន្លូង ស្រុកមេមត់ ។
បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានឱ្យដឹងថា បុរសដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ស៊ិន វិច្ឆិកា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិខ្នងក្រពើកើត ឃុំត្រមោង ស្រុកមេមត់ មុខរបររត់ម៉ូតូឌុប ។
លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ អធិការនគរបាលស្រុកមេមត់ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ កុម្ភៈ បុរសរងគ្រោះបានចេញពីផ្ទះទៅរត់ម៉ូតូធម្មតា ដល់ល្ងាចបាត់មិនឃើញត្រឡប់មកផ្ទះវិញ ។ ដោយមានការសង្ស័យប្រពន្ធបាននាំគ្នាដើររកតែមិនឃើញ លុះនៅថ្ងៃទី២០ កុម្ភៈ ប៉ុស្តិ៍ការពារព្រំដែនព្រំប្រទល់ប្រទេសវៀតណាម បានផ្តល់ដំណឹងមកថា ប្រទះឃើញសពបុរសម្នាក់ ពេលនោះក៏ឮដល់ក្រុមគ្រួសារសពចុះទៅពិនិត្យឃើញថាជាប្តីប្រពន្ធរបស់ខ្លួន ដោយមានលក្ខណៈហើមស្អុយទៅហើយ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខរកជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ