៣គ្រឿងពន្លះគ្នាត្រង់​ចំណុចផ្លូវប្រសព្វរាង​អក្សរY ស្លាប់​ម្នាក់ សង្គ្រោះបន្ទាន់៣​នាក់


ខេត្តកំពង់ធំ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណី​គ្រោះថ្នាក់ចរាចរណ៍​រវាង​​រថយន្ត​មួយគ្រឿងម៉ាកឡិចស៊ីស​បុកជាមួយ​​ម៉ូតូ​មួយគ្រឿង​ពេល​កំពុងបើកឆ្លងកាត់ផ្លូវ​ ហើយ​រថយន្ត​ឡិចស៊ីសនោះបានរេចង្កូតជ្រុលទៅ​បុក​រថយន្ត​​មួយគ្រឿង​ទៀត​ម៉ាក​កាមរីបាឡែនកំពុងបើកបរ​ក្នុងទិស​ដៅ​បញ្ច្រាសគ្នា បណ្តាល​​​​ឱ្យស្លាប់​ម្នាក់ និង​របួសធ្ងន់​​​៣នាក់ ចំណែក​រថយន្តទាំង២គ្រឿង និង​ម៉ូតូមួយគ្រឿង​បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ។​

ហេតុការណ៍​ខាងលើ​​នេះបានកើតឡើងកាលពីវេលាម៉ោង​៥និង​៥៨នាទីល្ងាច​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចផ្លូវប្រសព្វរាងអក្សរY ស្ថិត​ក្នុង​ភូមិ​សាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ​។​

ភាគីខាង​រថយន្ត​មួយគ្រឿងជិះគ្នា​៣នាក់​ម៉ាកឡិចស៊ីស ពណ៌ស ពាក់​ស្លាក​លេខ កំពង់ធំ ២A-២០៣០ បើកបរ​ដោយឈ្មោះ តុង ឈីវ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន) ។​​ ចំណែក​អ្នករួមដំណើរចំនួន២នាក់ ក្នុងនោះ​ម្នាក់​ឈ្មោះ លាត គឹមលី ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ (រង​របួសធ្ងន់) ​និង​ម្នាក់ទៀត​ឈ្មោះ ណាន ព្រឿង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ​(រង​របួសធ្ងន់)។

​ភាគី​ខាង​រថយន្ត​មួយគ្រឿង​ទៀត​ ម៉ាកកាមរីបាឡែន​ ពណ៌ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ២AG-៩៦៦៧ បើកបរ​ដោយឈ្មោះ យី សុបញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (រង​របួសធ្ងន់)​ ។​

ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿង និង​ម៉ូតូមួយគ្រឿង ព្រមទាំង​​អ្នកបើកបរ​រថយន្តម៉ាកឡិចស៊ីស​ ត្រូវបានសមត្ថកិច្ច​នាំទៅកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកស្ទោង ចំណែកជនរងគ្រោះ​ទាំង​៣នាក់​ត្រូវបាន​បញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯសពជនរងគ្រោះម្នាក់ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់ជូន​​ក្រុមគ្រួសារ​ដើម្បី​យកទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះស្តិភាព ៕​ (កែ​សម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ