ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ និងអធិការបតីអាល្លឺម៉ង់ លោកស្រី អេនហ្សឺឡា ម័រកែល កាលពីថ្ងៃទី១៩ កុម្ភៈ នៅទីក្រុងប៉ារីស បានថ្កោលទោសចំពោះអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបាននានា ដែលកើតមាននៅអ៊ុយក្រែន ហើយសន្យាពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ។
មេដឹកនាំទាំង២ប្រកាសបែបនេះ ក្នុងឱកាសនៃសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រីបារាំង-អាល្លឺម៉ង់ ។ លោក ហូឡង់ គូសបញ្ជាក់ថា ពួកអ្នកដែលប្រព្រឹត្តអំពើទាំងនេះ និងពួកដែលរៀបចំដើម្បីបន្តអំពើបែបនោះ ត្រូវដឹងថាពួកគេនឹងទទួលទណ្ឌកម្ម ។ ចំណែកលោកស្រី ម័រកែល ក៏អះអាងដែរថា យើងឈរនៅខាងបណ្តាបុរសនិងនារីដែលរងការឈឺចាប់ ។
ប្រមុខរដ្ឋបារាំង និងលោកស្រីអធិការបតីអាល្លឺម៉ង់ ចង់ដាក់ទណ្ឌកម្មអ៊ុយក្រែន នាថ្ងៃទី២០ កុម្ភៈ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ។
ចំណែកសហរដ្ឋអាមេរិកវិញ កាលពីថ្ងៃទី១៩ កុម្ភៈ បានហាមឃាត់ការផ្តល់ទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន២០នាក់ និងមនុស្សដទៃៗទៀត ដែលខ្លួនយល់ថា ទទួលខុសត្រូវចំពោះការបង្ក្រាបដោយហិង្សាលើពួកបាតុករនៅទីក្រុងគៀវ ៕
ចែករំលែកព័តមាននេះ