ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ចិន​ផ្តល់​ប្រាក់​ឧ​បត្ត​ម្ភ​សម្រាប់​ការ​ចិញ្ចឹម​បីបាច់​កូន ដើម្បី​ជំរុញ​អត្រាកំណើត

8 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ឪពុក​ម្តាយ​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​ត្រូវ​បាន​ផ្តល់​ប្រាក់​ឧ​បត្ត​ម្ភ​ចំនួន ៣ ៦០០​យន់ ឬ​ស្មើ ៥០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ សម្រាប់​ការ​ចិញ្ចឹម​បីបាច់​កូន​ពួក​គេ​ក្នុង​ម្នាក់ ដែល​មាន​អាយុ​ក្រោម​៣​ឆ្នាំ ដូច្នេះ​មាន​ន័យ​ថា…

ទីក្រុង​ប៉េ​កាំ​ង ៖ ឪពុក​ម្តាយ​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​ត្រូវ​បាន​ផ្តល់​ប្រាក់​ឧ​បត្ត​ម្ភ​ចំនួន ៣ ៦០០​យន់ ឬ​ស្មើ ៥០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ សម្រាប់​ការ​ចិញ្ចឹម​បីបាច់​កូន​ពួក​គេ​ក្នុង​ម្នាក់ ដែល​មាន​អាយុ​ក្រោម​៣​ឆ្នាំ ដូច្នេះ​មាន​ន័យ​ថា ការ​ឧ​បត្ត​ម្ភ​សរុប​រហូត​ដល់ ១ ៥០០​ដុល្លារ ដែល​នេះ​គឺជា​ការ​ឧបត្ថម្ភ​នៅ​ទូ​ទាំង​ប្រទេស​ជា​លើក​ដំបូង​ពី​រដ្ឋាភិបាល​ក្នុង​គោលបំណង​ជំរុញ​អត្រាកំណើត​។

តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា អត្រាកំណើត​របស់​ប្រទេស​ចិន​នៅ​តែ​បន្ត​ធ្លាក់​ចុះ បើ​ទោះបីជា​រដ្ឋាភិបាល​បាន​លុប​ចោល​គោលនយោបាយ​១​គ្រួសារ​កូន​ម្នាក់​ដ៏​ចម្រូងចម្រាស​របស់​ខ្លួន កាលពី​ជិត​១០​ឆ្នាំ​មុន​យ៉ាងណា​ក៏​ដោយ​។

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បានឱ្យ​ដឹង​ថា អំណោយ​ពី​រដ្ឋាភិបាល​នេះ នឹង​រួមចំណែក​ជួយ​បាន​ប្រហែល ២០​លាន​គ្រួសារ​ជាមួយនឹង​ការ​ចំណាយ​លើ​ការ​ចិញ្ចឹម​បីបាច់​កូន​។ ខេត្ត​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​ចិន បាន​សាកល្បង​អនុវត្ត​ទម្រង់​ផ្តល់​ប្រាក់​ឧ​បត្ត​ម្ភ​មួយ​ចំនួន ដើម្បី​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​មានកូន​កាន់តែ​ច្រើន ខណៈ​ដែល​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ ប្រឈម​នឹង​វិបត្តិ​ប្រជាសាស្ត្រ​ដែល​កំពុង​កើនឡើង​។

ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ គ្រួសារ​ដែល​មានកូន​កើត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥ នឹង​ត្រូវ​បាន​ប្រាក់​ឧ​បត្ត​ម្ភ​ចំនួន ៣ ៦០០​យន់ សម្រាប់​រយៈពេល​៣​ឆ្នាំ​។ ជាមួយ​គ្នា​នោះ គ្រួសារ​ដែល​មានកូន​កើត​នៅ​ចន្លោះ​ឆ្នាំ ២០២២ និង ២០២៤ ក៏​អាច​ស្នើ​សុំ​ការ​ឧបត្ថម្ភ​ធន​មួយ​ផ្នែក​ផង​ដែរ​។ ចំណាត់ការ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​រដ្ឋាភិបាល​ក្នុង​តំបន់ សម្រាប់​ការ​ជំរុញ​អត្រាកំណើត​នៅ​ក្នុង​ប្រទេស​ចិន​។

កាលពី​ខែមីនា​កន្លង​ទៅ ទីក្រុង​ហត (Hohhot) ដែល​ជាទី​ក្រុង​មួយ​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ចិន បាន​ចាប់ផ្តើម​ផ្តល់​ជូន​ប្រាក់​ឧបត្ថម្ភ​រហូត​ដល់ ១០​ម៉ឺន​យន់ ឬ ១៤ ០០០​ដុល្លារ​សម្រាប់​ទារក​ម្នាក់​នៅ​ក្នុង​គ្រួសារ​គូ​ស្វាមីភរិយា​ដែល​មានកូន​យ៉ាង​ហោច​ណាស់​៣​នាក់​។ នៅ​ឯ​ទីក្រុង​សេន​យ៉ាង (Shenyang) ភាគ​ឦសាន​ទីក្រុង​ប៉េ​កាំ​ង ក៏​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ៥០០​យន់ ឬ ៧០​ដុល្លារ​ក្នុង​១​ខែ​ដល់​គ្រួសារ​ក្នុង​តំបន់​មានកូន​ទី ៣ ដែល​មាន​អាយុ​ក្រោម​៣​ឆ្នាំ​។ កាលពី​ស​ប្តា​ហ៍​មុន ទីក្រុង​ប៉េ​កាំ​ង​ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​រៀបចំ​ផែនការ អនុវត្ត​ការ​អប់រំ​ម​ត្តេ​យ្យ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​។

យោង​តាម​ការ​សិក្សា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រជាជន YuWa ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​បាន​បង្ហាញ​ថា ប្រទេស​ចិន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មានការ​ចំណាយ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក សម្រាប់​ការ​ចិញ្ចឹម​បីបាច់​កូន​។ ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ចិញ្ចឹម​កូន​ចាប់ពី​កើត​ដល់​អាយុ​១៧​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ចិន មានការ​ចំណាយ​ជា​មធ្យម ៧៥ ៧០០​ដុល្លារ​។

សូម​ជម្រាប​ថា នៅ​ក្នុង​ខែមករា​ដើមឆ្នាំ​នេះ តួលេខ​ផ្លូវការ​ពី​ការិយាល័យ​ស្ថិតិ​ជាតិចិន​បាន​បង្ហាញ​ថា ចំនួន​ប្រជាជន​ចិន​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា គិត​ត្រឹម​ឆ្នាំ​២០២៤ ដោយ​បាន​កត់ត្រា​អត្រាកំណើត​ចំនួន ៩,៥៤​លាន​នាក់ ដែល​បាន​កើត​ក្នុង​ឆ្នាំ​២០២៤​។ នោះ​មានការ​កើនឡើង​បន្តិច​ធៀប​នឹង​ឆ្នាំ​២០២៣ ប៉ុន្តែ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​បាន​បន្ត​ធ្លាក់​ចុះ ខណៈ​ដែល​ប្រជាជន ១,៤​ពាន់​លាន​នាក់​របស់​ប្រទេស​សេដ្ឋកិច្ច​យក្ស​នៅ​អាស៊ី​មួយ​នេះ ក៏​កំពុង​មាន​វ័យ​ចំណាស់​យ៉ាង​ឆាប់រហ័ស​ផង​ដែរ ដោយ​បន្ថែម​ការ​បារម្ភ​អំពី​វិបត្តិ​ប្រជាសាស្ត្រ​ពី​រដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ