ប្រទេសជប៉ុន ៖ អត្រាអ្នកស្លាប់ជិត១លាននាក់ ដែលជាអត្រាខ្ពស់ជាងអត្រាកំណើត ត្រូវបានកត់ត្រានៅក្នុងប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២៤ ដែលតំណាងឱ្យការថយចុះចំនួនប្រជាជនប្រចាំឆ្នាំដ៏អាក្រក់បំផុត ចាប់តាំងពីស្ទង់សិត្ថិរបស់រដ្ឋាភិបាលបានចាប់ផ្តើមនៅឆ្នាំ១៩៦៨។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានពណ៌នាអំពីវិបត្តិប្រជាសាស្ត្រនៃចំនួនប្រជាជនវ័យចំណាស់របស់ជប៉ុនថា «ភាពអាសន្នដ៏ស្ងប់ស្ងាត់» បើទោះបីជាមានគោលនយោបាយសម្រាប់គ្រួសារដូចជា ការថែទាំកុមារដោយឥតគិតថ្លៃ និងការកែប្រែម៉ោងធ្វើការដែលអាចបត់បែនតាមស្ថានភាពជាក់ស្តែងក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់អត្រាកំណើតទាបជាច្រើនឆ្នាំរហូតមកដល់ពេលនេះ ហាក់ហុចផលវិជ្ជមានតិចតួចគួរឱ្យកត់សម្គាល់។
ជាក់ស្តែង ទិន្នន័យថ្មីដែលចេញផ្សាយកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ដោយក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ជប៉ុនបានបង្ហាញថា ចំនួនជនជាតិជប៉ុនបានធ្លាក់ចុះចំនួន ៩០៨ ៥៧៤នាក់ក្នុងឆ្នាំ២០២៤។ ចំណែកអត្រាកំណើតមានចំនួន ៦៨៦ ០៦១នាក់ ដែលជាចំនួនទាបបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៨៩៩ ខណៈដែលពេលនោះមនុស្សជិត១,៦លាននាក់បានស្លាប់។
គិតមកទល់ពេលនេះ គឺជាឆ្នាំទី១៦ជាប់គ្នានៃការធ្លាក់ចុះចំនួនប្រជាជននៅក្នុងប្រទេសជប៉ុន ខណៈចំនួនអ្នកទៅរស់នៅបរទេសបានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៣,៦លាននាក់ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដែលតំណាងឱ្យជិត ៣% នៃចំនួនប្រជាជនជប៉ុនសរុប។
ចំនួនប្រជាជនសរុបប្រទេសជប៉ុនបានធ្លាក់ចុះ ០,៤៤% ពីឆ្នាំ ២០២៣ មកនៅប្រហែល ១២៤,៣លាននាក់នៅដើមឆ្នាំនេះ។ មនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅឥឡូវនេះមានចំនួនជិត ៣០% នៃចំនួនប្រជាជនសរុប ដែលជាសមាមាត្រខ្ពស់បំផុតទីពីរនៅក្នុងពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ ដែលមានប្រជាជនសរុបត្រឹមតែជាង ៣៨ ០០០នាក់ប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ពីធនាគារពិភពលោក។
ដោយឡែកចំនួនប្រជាជនក្នុងវ័យធ្វើការរបស់ជប៉ុន ដែលបានកំណត់ចន្លោះពី ១៥ ទៅ ៦៤ឆ្នាំ បានធ្លាក់ចុះប្រហែល ៦០%។ ជាមួយគ្នានោះ ទិន្នន័យរដ្ឋាភិបាលជប៉ុន ដែលបានចេញផ្សាយកាលពីឆ្នាំមុន បានបង្ហាញថា ចំនួនទីក្រុង និងភូមិកាន់តែច្រើនឡើងៗកំពុងមានសភាពស្ងប់ស្ងាត់ខ្លាំង ដោយមានផ្ទះជិត៤លានខ្នង ត្រូវបានបោះបង់ចោលក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ។
រដ្ឋាភិបាលជប៉ុនបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីព្យាយាមបង្កើនអត្រាកំណើតដោយមានការលើកទឹកចិត្តរាប់ចាប់ពីប្រាក់ឧបត្ថម្ភទិញលំនៅដ្ឋាន រហូតដល់ការកែប្រែថ្ងៃឈប់សម្រាកសម្រាប់ឪពុកម្តាយ។ ប៉ុន្តែឧបសគ្គទីផ្សារការងារ និងសេដ្ឋកិច្ច នៅតែចាក់ឫសគល់យ៉ាងជ្រៅ។ តួយ៉ាង ការចំណាយល់ការរស់នៅខ្ពស់ ប្រាក់ឈ្នួលនៅទ្រឹង និងទីផ្សារការងារតឹងតែងរារាំងយុវជនជាច្រើនពីការចង់បង្កើតគ្រួសារ ជាពិសេស ស្ត្រីប្រឈមមុខនឹងបញ្ហាយេនឌ័រ៕

ចែករំលែកព័តមាននេះ