ទោះជាមិនមានរោគសញ្ញាក៏ដោយ ប្រជាពលរដ្ឋកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ជូនដំណឹងឲ្យទៅពិនិត្យសុខភាពរកជំងឺទឹកនោមផ្អែម នៅតាមមណ្ឌលសុខភាព ដែលនៅជិតបំផុត ។
ក្រសួងសុខាភិបាល បានចេញសារ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ប្រជាពលរដ្ឋកម្ពុជា ណាក៏ដោយ ឲ្យតែដល់អាយុចាប់ពី៤០ឆ្នាំឡើង គួរតែត្រូវទៅពិនិត្យរកជំងឺនេះ មណ្ឌលសុខភាពដែលនៅជិតអ្នកបំផុត ។
រូបតំណាងដោយ AI ក្រសួងបានលើកឡើងថា « ប្រជាពលរដ្ឋយើងទូទៅមិនអាចដឹងបានថា ខ្លួនយើងឈឺ ឬមិនឈឺ ដោយសារតែនៅដំណាក់កាលដំបូងនៃជំងឺផ្សេងៗ ជាពិសេស គឺទឹកនោមផ្អែម ជំងឺទាំងនោះ អាចមិនមានរោគសញ្ញា ប៉ុន្តែវាអាចមានផលប៉ះពាល់ដល់អាយុជីវិតយ៉ាងស្ងៀមស្ងាត់»។
ប្រភពដដែលបានបន្តថា ការពិនិត្យរកជំងឺឡើងសំពាធឈាម ទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន ជាការចាំបាច់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលទាន់ពេលវេលា និងបង្ការផលវិបាកធ្ងន់ធ្ងរទៅថ្ងៃមុខ ។
ករណីដូចជា ជំងឺទឹកនោមផ្អែមជាដើម អ្នកជំនាញបានលើកឡើងថា ប្រសិនបើប្រហែសឲ្យវាចេញរោគសញ្ញានោះ គឺបានន័យថា វាឈានចូលដំណាក់កាលនៃការព្យាបាលបាត់ទៅហើយ ។
ជំងឺឡើងសំពាធឈាម និងជំងឺទឹកនោមផ្អែមនេះ គឺដោយសារតែការហូបចុក របបអាហារមិនមានសុខភាព ដូចជា អាហារផ្អែមខ្លាំង សំបូរជាតិខ្លាញ់ កង្វះសកម្មភាពរាងកាយ និងគ្រឿងស្រវឹងជាដើម ៕
ចែករំលែកព័តមាននេះ