ខេត្តព្រៃវែង ៖ ផ្ទះក្បឿងមួយខ្នងទំហំ 8 ម៉ែត្រ គុណនឹង 11 ម៉ែត្រ ត្រូវបានអគ្គីភ័យឆាប់ឆេះអស់ទាំងស្រុងដោយសារតែក្មួយប្រុសម្ចាស់ផ្ទះ ដែលជាជនវិកលចរិត ឡើងទៅដេកហើយជក់បារីនៅលើពូកធ្វើអោយភ្លើងកន្ទុយបារីឆេះពូក កើតជាអគ្គីភ័យឆេះផ្ទះខ្ទេច។
គ្រោះអគ្គីភ័យនេះ បានកើតឡើងនៅវេលាម៉ោង 1 យប់ ឈានចូលព្រឹកថ្ងៃទី 3 វិច្ឆិកា នៅចំណុចភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ម្ចាស់ផ្ទះមានឈ្មោះ សុន សួម ភេទស្រី អាយុ 44 ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះនេះម្ចាស់ផ្ទះមានជំងឺ ហើយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយទុក្ខផ្ទះចោលគ្មានមនុស្សនៅ ហើយនៅយប់មុនពេលកើតហេតុនោះ ក្មួយប្រុសម្ចាស់ផ្ទះឈ្មោះ ធី ផានិត អាយុ 28ឆ្នាំ ដែលជាជនវិកលចរិត បានឡើងទៅដេកនៅលើផ្ទះនោះហើយបានដេកជក់បារីនៅលើពូក ពេលជក់បារីអស់បានទម្លាក់កន្ទុយបារីនៅលើពូកនទើបបណ្ដាលឱ្យភ្លើងឆេះពូក កើតជាអគ្គីភ័យឆេះផ្ទះតែម្ដង។
សមត្ថកិច្ចបានបន្តថា ក្រោយពេលដែលភ្លើងឆាកឆេះក្នុងផ្ទះ ជនវិកលចរិត ធី ផានិត បានស្ទុះរត់ចេញពីផ្ទះទៅបាត់ មិនបានប្រាប់អ្នកណាឲ្យដឹងឡើយ រហូតដល់ភ្លើងឆេះខ្លាំងពេញបន្ទុក ទើបអ្នក ជិតខាងបានដឹងផ្អើលឆោឡោឡើងនិងបានរាយការណ៍ទៅសមត្ថកិច្ច យករថយន្តពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់អស់ចំនួន 3 ឡានទើបភ្លើងបានរលត់ជាស្ថាពរ។
គួរបញ្ជាក់ផងដែរថា គ្រោះអគ្គីភ័យនេះមិនបានបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ឡើយ ប៉ុន្តែផ្ទះទាំងមូលត្រូវភ្លើងឆេះអស់ទាំងស្រុង ហើយការខូចខាតគិតជាទឹកប្រាក់សរុបប្រមាណ 22.000 ដុល្លារ ៕







ចែករំលែកព័តមាននេះ