សម្រាប់អ្នកដែលទៅលេងនៅខេត្តសៀមរាប ជាពិសេសអំឡុងថ្ងៃឈប់សម្រាកនាពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពោះព្រះខែ និងអកអំបុកនៅខេត្តសៀមរាបខាងមុខ ចាំបាច់គួរតែដឹង នៅពេលថ្ងៃឈប់សម្រាកខាងមុខនេះ ។

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងជាផ្លូវការ កាលពីថ្ងៃទី៣១ ខែតុលាថា ខ្លួននឹងរៀបចំកម្មវិធីផ្សារទឹក និងជិះទូកកម្សាន្ត ប្រណាំងទូក ប្រគំតន្ត្រីស្គរដៃ ពិព័ណ៌ ប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងកម្មវិធីផ្សេងៗពីថ្ងៃទី៤ ដល់ ថ្ងៃទី៦ ខែវិច្ឆិកានេះ ។
ប្រភពដដែលបានបន្តថា កម្មវិធីទាំងនោះនឹងរៀបចំនៅសួនព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ និងសេដ្ឋកិច្ចខេត្តសៀមរាបឲ្យកាន់តែល្អប្រសើរ ។

ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ អាជ្ញាធរនឹងរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងផ្អាកការធ្វើដំណើរបណ្តោះអាសន្តលើកំណាត់ផ្លូវមួយចំនួន ចាប់ពីម៉ោង៨ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា រហូតដល់ចប់កម្មវិធី ។

កំណត់ផ្លូវទាំងនោះ គឺមានដូចជា កំណាត់រុក្ខវិថីព្រះសីហនុ ចាប់ពីស្តុបសួនព្រះរាជដំណាក់ ដល់រង្វង់មូលស្ពានថ្ម ព្រះរាជដំណាក់ និងកំណាត់ផ្លូវព្រះរាជដំណាក់ ។ កំណត់ផ្លូវពោធិ៍កំបោរ ចាប់ពីរង្វង់មូលស្ពានថ្ម ព្រះរាជដំណាក់ ដល់ស្ពានវត្តរាជបូណ៍ និងបណ្តាកំណាត់ផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប ។ កំណាត់ផ្លូវអាចារ្យស្វា ចាប់ពីស្ពានវត្តរាជបូរណ៍ដល់អតីតមន្ទីរទេសចរណ៍ខេត្ត និងបណ្តាកំណាត់ផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប ។ កំណាត់វិថីសូរ្យវរ្ម័នទី២ ចាប់ពីស្តុបកោះកេរ្តិ៍ ដល់សណ្ឋាគារជេសឺវេន ។ កំណាត់ផ្លូវ២ធ្នូ ចាប់ពីមន្ទីរពេទ្យបង្អែកខេត្ត ដល់ស្ពានវត្តដំណាក់ និងកំណាត់ផ្លូវក្នុងតំបន់ផាប់ស្ទ្រីត និងផ្សាចាស់ ព្រមទាំង កំណាត់ផ្ឡុវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្តែង ៕
ចែករំលែកព័តមាននេះ