ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ព្រមា.ន​ដាក់​ពន្ធ​បន្ថែម​១០%​លើ​ប្រទេស​ដែល​ចង់​ដើរ​តាម​គោលនយោបាយ​ប្រឆាំង​អា​មេ​រិ​ក​របស់ BRICS

1 នាទី មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៥ បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​ដាក់​ពន្ធ​បន្ថែម​១០%​ទៀត​លើ​ប្រទេស​ណាមួយ​ដែល​ដើរ​តាម​គោលនយោបាយ​ប្រឆាំង​នឹង​អា​មេ​រិ​ក​របស់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ BRICS​។ នេះ​បើ​តាម​ប្រភព​ពី​ទី​ភ្នា​ក់​សារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

ការ​ព្រមាន​លោក ត្រាំ កើតឡើង​បន្ទាប់​ពី​មេដឹកនាំ​កំពូល​របស់​ប្រទេស​សមាជិក BRICS បាន​ចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៥​។ កិច្ចប្រជុំ​នៅ​ទីក្រុង​រី​យ៉ូ​ដឺ​ចេ​ណេ​រ៉ូ (Rio de Janeiro) ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​រសៀល​ថ្ងៃអាទិត្យ ក្រុម BRICS បាន​ព្រមាន​ថា ការ​កើនឡើង​ពន្ធគយ​បាន​គំរាមកំហែង​ដល់​ពាណិជ្ជកម្ម​ពិភពលោក តាម​រយៈ​ការ​រិះគន់​គោលនយោបាយ​ពន្ធគយ ប៉ុន្តែ​មិន​បាន​បញ្ចេញ​ឈ្មោះ​សហរដ្ឋអាមេរិក និង​លោក ត្រាំ ក្នុង​ការ​លើក​ឡើង​របស់​ខ្លួន​នោះ​ទេ​។

យ៉ាងណាមិញ ប៉ុន្មាន​ម៉ោង​ក្រោយមក លោក ត្រាំ ក៏​បាន​ព្រមាន​វិញ​ថា លោក​នឹង​ដាក់​ទណ្ឌកម្ម​លើ​បណ្តា​ប្រទេស​ណាមួយ​ដែល​ចង់​ចូលរួម​ជាមួយ​ក្រុម BRICS ។ លោក​បាន​សរសេរ​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម Truth Social យ៉ាង​ដូច្នេះ​ថា « ប្រទេស​ណាមួយ​ដែល​ចង់​យក​ខ្លួន​ទៅ​បៀត​នឹង​គោលនយោបាយ​ប្រឆាំង​អា​មេ​រិ​ក​របស់ BRICS នឹង​ត្រូវ​បាន​គិត​ពន្ធ​បន្ថែម​១០% ព្រោះ​វា​នឹង​គ្មាន​ការ​លើកលែង​ចំពោះ​គោលនយោបាយ​នេះ​ទេ​។ សូម​អរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​អ្នក​ចំពោះ​បញ្ហា​នេះ​!»​។

ទោះ​យ៉ាងណា​ក៏​ដោយ លោក ត្រាំ មិន​បាន​បញ្ជាក់ ឬ​បញ្ចេញ​ឯកសារយោង​ណាមួយ​អំពី​គោលនយោបាយ​ប្រឆាំង​នឹង​អា​មេ​រិ​ក​របស់​ក្រុម BRICS ក្នុង​តំណែង​របស់​លោក​នោះ​ទេ​។ បច្ចុប្បន្ន​រដ្ឋបាល​របស់​លោក​កំពុង​ស្វែងរក​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ច្រើន​ជាមួយ​បណ្តា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ ដែល​ជា​ការ​ពន្យារពេល​៣​ស​ប្តា​ហ៍​បន្ថែម​ទៀត​ពីលើ​ការ​ពន្យារពេល​ពី​មុន ដែល​នឹង​ផុតកំណត់​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៥​។ បណ្តា​ប្រទេស​ដែល​មិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក នឹង​ត្រូវ​គិត​ពន្ធ​ដើម​ជា​ពន្ធ​កម្រិត​ខ្ពស់ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​លោក ត្រាំ កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៥ កន្លង​ទៅ​។

សូម​រំលឹក​ជូន​ថា BRICS គឺជា​ប្លុក​អន្តររដ្ឋាភិបាល​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មេដឹកនាំ​ប្រេ​ស៊ី​ល រុ​ស្ស៊ី ឥណ្ឌា និង​ចិន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៩​។ ប្លុក​មួយ​នេះ​ក្រោយមក​បាន​បន្ថែម​អាហ្វ្រិក​ខាងត្បូង ហើយ​កាលពី​ឆ្នាំ​មុន​រួម​មាន អេ​ហ្ស៊ី​ប អេ​ត្យូ​ពី ឥណ្ឌូ​ណេ​ស៊ី អ៊ី​រ៉​ង់ និង​អា​រ៉ាប់​រួម​ជា​សមាជិក​ផ​ផង​ដែរ​។

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​មិន​ទាន់​ក្លាយជា​សមាជិក​ផ្លូវការ​នៅឡើយ​ទេ ទោះ​ទទួល​បានការ​អញ្ជើញ​ក្តី ខណៈ​ដែល​ប្រទេស​ចំនួន​៣០​ផ្សេង​ទៀត​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​ក្រុម BRICS ទាំង​ជា​សមាជិក​ពេញ​សិទ្ធិ ឬ​ជា​ដៃគូ​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ