Your browser does not support the audio element.
ប្រទេសវៀតណាម ៖ ក្រសួងសុខាភិបាលវៀតណាមកំពុងពិចារណាផ្តល់ជំនួយជាសាច់ប្រាក់ និងសម្ភារៈដល់គ្រួសារដែលមានកូនស្រីចំនួនពីរនាក់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការថយចុះអត្រាកំណើតជាតិ និងអតុល្យភាពយេនឌ័រផងដែរ។ ក្រសួងគ្រោងនឹងដាក់ច្បាប់នេះទៅរដ្ឋាភិបាលនៅខែធ្នូ ហើយដាក់ជូនរដ្ឋសភានៅឆ្នាំក្រោយ។
ប្រភពពីសារព័ត៌មានវៀតណាម VnExpress បានចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា សំណើដែលដាក់ចេញដោយក្រសួងសុខាភិបាល គឺជាផ្នែកមួយនៃសេចក្តីព្រាងច្បាប់ស្តីពីប្រជាជន ដែលមានគោលបំណងទប់ទល់បញ្ហាប្រឈមដែលកំពុងកើនឡើងចំនួន ២ ដូចជា អត្រាកំណើតធ្លាក់ចុះ និងការលំអៀងដែលពេញចិត្តចង់បានកូនប្រុសជាងកូនស្រី។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Dao Hong Lan បានលើកឡើងក្នុងព្រឹត្តិការណ៍ទិវាប្រជាជនពិភពលោកថា ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងវិបត្តិទ្វេរដងនៃការរួមតូចចំនួនប្រជាជន និងបុរសកើនឡើងលើស។ លោកស្រីបានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកទឹកចិត្តគ្រួសារឱ្យមានកូនពីរនាក់ ជាពិសេសក្មេងស្រី ដើម្បីស្ដារតុល្យភាពប្រជាសាស្ត្ររយៈពេលវែង ខណៈអ្នកជំនាញបានព្រមានថា កត្តានេះអាចនាំឱ្យមានអស្ថិរភាពសង្គមជាតិ ការកើនឡើងការជួញដូរមនុស្ស ព្រមទាំងការកើនឡើងសម្ពាធលើការរៀបអាពាហ៍ពិពាហ៍។
អតុល្យភាពយេនឌ័រភាគច្រើនត្រូវបានជំរុញដោយចំណូលចិត្តលើកូនប្រុសជាយូរអង្វែង ជាពិសេសនៅពេលអត្រានៃការមានកូនធ្លាក់ចុះ ហើយជាមួយគ្រួសារសមាជិកតិច ឪពុកម្តាយជាច្រើនបានប្រើបច្ចេកវិទ្យាទំនើបមុនពេលសម្រាលដើម្បីធានាថា កូនតែមួយគត់របស់ពួកគេគឺជាកូនប្រុស ព្រោះតែការរំពឹងទុកតាមបែបប្រពៃណីដូចជា កូនប្រុសជាអ្នកបន្តពូជពង្សជាដើម ដែលបន្តបន្ថែមភាពលំអៀងខាងផ្នែកយេនឌ័រ។
ដើម្បីប្រឆាំងនឹងបញ្ហាទាំងនេះ ក្រសួងសុខាភិបាលវៀតណាមកំពុងស្នើការលើកទឹកចិត្តផ្ទាល់ដល់គ្រួសារដែលមានកូនស្រីពីរនាក់។ ជំនួយអាចមានក្នុងទម្រង់ជាសាច់ប្រាក់ ឬទំនិញប្រើប្រាស់ក្នុងផ្ទះ ស្របតាមលក្ខខណ្ឌក្នុងស្រុក។ ទន្ទឹមនឹងនេះ ក្រសួងកំពុងជំរុញឱ្យមានការពិន័យកាន់តែតឹងរ៉ឹងលើសកម្មភាពល្មើសច្បាប់តាមរយៈការកំណត់ភេទកូន (ជ្រើសរើសកូនប្រុស ឬ កូនស្រី) រួមទាំងស្នើសុំដំឡើងប្រាក់ពិន័យជាអតិបរមាពី ៣០លានដុង ស្មើនឹង ១ ១៥០ដុល្លារ ទៅដល់ ១០០លានដុង ដែលស្មើនឹង ៤ពាន់ដុល្លារ ដោយលើកហេតុផលថា ការដាក់ទោសនាពេលបច្ចុប្បន្នគឺខ្សោយពេកក្នុងការទប់ស្កាត់ការបំពាន។
ទន្ទឹមជាមួយគ្នានោះ មន្ត្រីក៏ចង់បានតម្លាភាពបន្ថែមទៀត ដូច្នេះក្រសួងអាចនឹងចាប់ផ្តើមបោះពុម្ពផ្សាយបញ្ជីតំបន់ដែលមានអតុល្យភាពយេនឌ័រខ្ពស់បំផុត ហើយក៏មានគម្រោងបង្កើនយុទ្ធនាការអប់រំសាធារណៈ ក្នុងគោលបំណងបញ្ចប់ការរើសអើងយេនឌ័រ ដោយលើកកំពស់ឋានៈក្មេងស្រី និងលើកទឹកចិត្តដល់ការសម្រាលកូនដោយធម្មជាតិមិនលំអៀងយេនឌ័រ៕
ចែករំលែកព័តមាននេះ