បរទេស ៖ កីឡាការិនីប្រដាល់គុនចម្រុះ MMA ជនជាតិរុស្សី Anastasia Luchkina កាលពីពេលថ្មីៗនេះ បានបង្កកំហឹងពីសំណាក់មហាជនយ៉ាងខ្លាំង បន្ទាប់ពីនាងបានយកបារីអេឡិចត្រូនិច (Vape) របស់នាងទៅឱ្យសត្វស្វាអ៊ូរ៉ង់អ៊ូតង់ញី១ក្បាល (Orangutan) នៅឧទ្យាន Taigan Safari មានទីតាំងនៅតំបន់គ្រីមៀវ (Crimea) ជក់ បណ្តាលឱ្យស្វាជិតផុតពូជ១ក្បាលនោះធ្លាក់ខ្លួនឈឺ។ នេះបើតាមសេចក្តីរាយការណ៍កាសែត New York Post បានចេញផ្សាយ។
កីឡាការិនីកីឡាឈឺសាច់វ័យ២៤ឆ្នាំបានទៅលេងឧទ្យាន Taigan Safari ជាកន្លែងដែលនាងថតវីដេអូខ្លួនឯង និងបានយកបារីអេឡិចត្រូនិចរបស់នាងទៅឱ្យសត្វស្វាអ៊ូរ៉ង់អ៊ូតង់១ក្បាលឈ្មោះ Dana នៅក្នុងទ្រុងជក់ ខណៈដែល Dana គឺជាពូជស្វាអ៊ូរ៉ង់អ៊ូតង់១ក្បាលគត់មាននៅក្នុងឧទ្យាននោះ។ ក្នុងវីដេអូត្រូវបានចែករំលែកលើបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន Dana មិនមែនជក់បារីអេឡិចត្រូនិចតែ១ដងប៉ុណ្ណោះទេ តែ Luchkina បានឱ្យ Dana ជក់ជាច្រើនដង មុនពេលនាងចាកចេញពីទីនោះ។
ទង្វើរបស់ Luchkina បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងលើបណ្តាញសង្គម ដោយមហាជនជាច្រើនបានចោទប្រកាន់នាងពីបទបំពានសត្វ និងថែមទាំងអំពាវនាវឱ្យហាមឃាត់នាងពីការប្រកួត MMA។ ស្របពេលលោកស្រី Mimi Bekhechi អនុប្រធានក្រុមសិទ្ធិសត្វ PETA UK បានថ្កោលទោសសកម្មភាពរបស់ Luchkina ផងដែរ។
ប្រភពពីកាសែត Daily Mail បានរាយការណ៍ថា ចាប់តាំងពីបានជក់បារីអេឡិចត្រូនិចរួចមក Dana បានបាត់បង់ចំណង់អាហារ បដិសេធមិនប្រាស្រ័យទាក់ទងជាមួយនរណាទាំងអស់ ហើយថែមទាំងដេកមិនលក់ពេញមួយថ្ងៃទៀតផង។ របាយការណ៍មួយចំនួនបានអះអាងថា Dana ប្រហែលជាបានលេបផ្នែកមួយនៃស្នូលបារីអេឡិចត្រូនិច ដែលមានជាតិនីកូទីនរាវប្រហែល៣មីលីលីត្រ។ ពេទ្យសត្វកំពុងបន្តតាមដានស្ថានភាពរបស់ Dana ដ្បិតសត្វស្វាអ៊ូរ៉ង់អ៊ូតង់ជាប្រភេទសត្វជិតផុតពូជ ដែលចុះក្នុងបញ្ជីក្រហម IUCN ដែលធ្វើឱ្យមានការព្រួយបារម្ភបន្ថែមទៀតលើបញ្ហាសុខភាព និងសុខុមាលភាពរបស់វា។
ពាក់ព័ន្ធនឹងសកម្មភាពដ៏ហួសចិត្តរបស់កីឡាការិនី Anastasia Luchkina ត្រូវបានរំពឹងថានឹងប្រឈមមុខការពិន័យ ហើយអាចនឹងត្រូវបានហាមឃាត់មិនឱ្យត្រឡប់ទៅកម្សាន្តនៅ Taigan Safari វិញ៕ ដកស្រង់ ៖ New York Post និង VnExpress








ចែករំលែកព័តមាននេះ