ប្រទេសហ្វីលីពីន ៖ ការបង្ហោះលើកម្មវិធី TikTok កាលពីពេលថ្មីៗនេះ ដែលបង្ហាញអំពីអតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលកំពុងជាប់ឃុំ ស្ថិតក្នុងស្ថានភាពរាងកាយស្គមស្គាំង និងទន់ខ្សោយខ្លាំងបំផុត ដោយបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមបណ្តាអ្នកគាំទ្ររបស់លោក។ ទោះយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ពីសារព័ត៌មានហ្វីលីពីន Rappler និង Philippine Star បានឱ្យដឹងថា អនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌូតឺតេ (Sara Duterte) ដែលជាកូនស្រីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងថា រូបដែលបង្ហោះគឺជារូបក្លែងក្លាយ។
រូបថតចំនួន២សន្លឹក ដែលត្រូវបានចែកចាយលើបណ្តាញសង្គម ជាពិសេសលើកម្មវិធី TikTok ដោយរូបមួយសន្លឹកបង្ហាញពីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ មើលទៅស្គមស្គាំង និងទន់ខ្សោយខ្លាំង ដោយស្លៀកឈុតអ្នកជំងឺសម្រាកលើគ្រែងមន្ទីរពេទ្យ។ ក្រោយមក រូបមួយសន្លឹកទៀតបានបង្ហាញពីអតីតប្រធានាធិបតីហ្វីលីពីន ដែលកំពុងត្រូវបានឃុំខ្លួនរូបនេះ អង្គុយលើកៅអីរុញជាមួយរាងកាយស្គមស្គាំង និងទន់ខ្សោយខ្លាំង នៅពេលដែលលោកកាន់ពែងកាហ្វេ។
អ្នកនិយមលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះរូបទាំងនោះ ពិសសអ្នកគាំទ្រអតីតប្រធានាធិបតីហ្វីលីពីនវ័យ៨០ឆ្នាំ ដែលត្រូវបានចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC កាលពីខែមីនាកន្លងទៅ ពីបទឧក្រិដ្ឋកម្មជុំវិញអំពើហិង្សាបង្ក្រាបគ្រឿងញៀនរូបនេះ។
ប្រភពពី Rappler នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា មិនមានប្រភពផ្ទៀងផ្ទាត់ ឬផ្លូវការបញ្ជាក់ពីភាពត្រឹមត្រូវនៃរូបទាំងនោះទេ ដោយបច្ចុប្បន្នលោក ឌូតឺតេ កំពុងត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំខ្លួនរបស់ ICC ហើយតុលាការមិនបានបញ្ចេញរូបភាព ឬវីដេអូណាមួយបង្ហាញពីលោកនោះទេ។ វីដេអូតែមួយគត់ ដែលគ្រប់គ្នាបានឃើញពីវត្តមានរបស់លោក ទាក់ទងនឹងដំណើរការរបស់តុលាការ ICC គឺបានមកពីការបង្ហាញខ្លួនលើកដំបូងចំពោះមុខអង្គបុរេជំនុំជម្រះលើកទី១ កាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០២៥។ នៅក្នុងសវនាការនោះបានធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូពីមន្ទីរឃុំឃាំងរូបលោកដោយមិនមានរូបរាងស្គមស្គាំង និងទន់ខ្សោយខ្លាំងគួរឱ្យព្រួយបារម្ភនោះទេ។
ជាមួយគ្នានោះ Rappler ព្រមទាំងស្ថាប័នត្រួតពិនិត្យការពិតផ្សេងទៀត ពីមុនបានធ្វើការបដិសេធរូបស្រដៀងគ្នាដែលបង្ហាញពីលោក ឌូតឺតេ ស្លេកស្លាំង និងសម្រាកលើគ្រែពេទ្យ ដោយរូបនោះ ត្រូវបានអះអាងថាក្លែងក្លាយដោយផ្ទាល់ពីអនុប្រធានាធិបតី លោកស្រី សារ៉ា ឌូតឺតេ បន្ទាប់ពីលោកស្រីបានទៅជួបឪពុកដែលកំពុងជាប់ឃុំ។
លោកស្រីបានថ្លែងក្នុងបទសម្ភាសមួយជាមួយបណ្តាអ្នកយកព័ត៌មានថា «រូបថតនោះមិនមែនជារូបពិតទេ។ រូបនោះក្លែងក្លាយ គ្មានរូបណាមួយត្រូវបានបញ្ចេញពីមជ្ឈមណ្ឌលឃុំខ្លួននោះទេ។ លោកស្រីបន្ថែមថា ឪពុកលោកស្រីមិនបានសម្រាកនៅមន្ទីរពេទ្យទេ ប៉ុន្តែបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងជាប្រចាំរបស់ ICC។ លោកស្រីថែមទាំងអះអាងទៀតថា ឪពុកលោកស្រីដើរដោយខ្លួនឯង គាត់មិនឈឺទេ។
កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ អតីតភរិយារបស់លោក ឌូតឺតេ លោកស្រី Elizabeth Zimmerman បានថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកគាំទ្រនៅឯទីក្រុងឡាអេថា រាងកាយលោក ឌូតឺតេ ស្គមជាងមុន ស្របពេលដែលលោកស្រី សារ៉ា ឌូតឺតេ ក៏បាននិយាយបែបនេះដែរ។ ប៉ុន្តែអ្នកទាំងពីរបានសង្កត់ធ្ងន់ថា លោក ឌូតឺតេ បានស្រកទម្ងន់ ហើយមើលទៅគាត់មានសុខភាពល្អ។ គាត់មើលទៅមិនមានខ្វះអាហារូបត្ថម្ភ ឬសុខភាពទន់ខ្សោយទេ ប៉ុន្តែគាត់គ្រាន់តែស្រកទម្ងន់តាមធម្មជាតិ។
សូមជម្រាបថា លោក ឌូតឺតេ ត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំខ្លួន Scheveningen នៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់តាំងពីថ្ងៃទី១១ ខែមីនា បន្ទាប់ពីការចាប់ខ្លួននៅក្នុងប្រទេសហ្វីលីពីន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលពាក់ព័ន្ធនឹងសង្គ្រាមគ្រឿងញៀនដ៏បង្ហូរឈាមរបស់លោក។
លោកនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការ ICC នៅថ្ងៃទី២៣ ខែកញ្ញា សម្រាប់ការបញ្ជាក់អំពីសវនាការលើការចោទប្រកាន់ ដើម្បីកំណត់អំពីសំណុំរឿងរបស់លោកនឹងបន្តដំណើរការកាត់ក្តីបែបណា៕



ចែករំលែកព័តមាននេះ