ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ព្រមា.ន​ពី​ផល​រំខាន​លើ​ការ​ផ្គត់ផ្គង់​ស្បៀង ខណៈ​ជំងឺប៉េ.ស្ត​ជ្រូក​អាហ្វ្រិក​រីក​រាលដាល​ខ្លាំង

2 ម៉ោង មុន

ប្រទេស​វៀតណាម ៖ រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ បាន​ព្រមាន​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក (ASF) កំពុង​តែ​រីក​រាលដាល​ក្នុង​ប្រទេស​វៀតណាម…

ប្រទេស​វៀតណាម ៖ រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ បាន​ព្រមាន​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក (ASF) កំពុង​តែ​រីក​រាលដាល​ក្នុង​ប្រទេស​វៀតណាម ដោយ​គំរាមកំហែង​ដល់​ការ​ផ្គត់ផ្គង់​ស្បៀង​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។

ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅ​ក្នុងឆ្នាំនេះ ប្រទេស​វៀតណាម​បាន​រក​ឃើញ​ការ​ផ្ទុះ​ឡើង​ចំនួន ៥១៤​ករណី​ក្នុង​ទីក្រុង និង​ខេត្ត​ចំនួន ២៨ ក្នុង​ចំណោម ៣៤ ទូ​ទាំង​ផ្ទៃ​ប្រទេស ដោយ​បន្ថែម​ថា អាជ្ញាធរ​បាន​សម្លាប់​ជ្រូក​មាន​មេរោគ​ជាង​៣​ម៉ឺន​ក្បាល​រួច​ហើយ​។ រដ្ឋាភិបាល​បាន​បន្ត​ថា ហានិភ័យ​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កំពុង​ស្ថិត​នៅ​លើ​ចំណុច​នៃ​ការ​កើនឡើង ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក ការ​ផ្គត់ផ្គង់​ស្បៀង និង​បរិស្ថាន​ផង​ដែរ​។

ការ​រាតត្បាត​កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​ជំរុញ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ផាំ មិ​ញ​ជិ​ញ (Phạm Minh Chính) ផ្ញើ​ការ​ណែនាំ​ជា​បន្ទាន់​មួយ​ទៅ​កាន់​បណ្តា​ខេត្ត និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​។

ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០២៣ បាន​អនុម័ត​លើ​ការ​ប្រើប្រាស់​វ៉ាក់សាំង​ពាណិជ្ជកម្ម​ក្នុងស្រុក​សម្រាប់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដំបូង​គេ​បង្អស់​របស់​ខ្លួន ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ក្រុម​មន្ត្រី​បាន​អះអាង​ថា អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​ជ្រូក​នៅ​មាន​កម្រិត​ទាប​នៅឡើយ​។ តួយ៉ាង មន្ត្រី​សុខភាព​សត្វ​នៃ​ខេត្ត​ក្វា​ង​ង៉ៃ (Quang Ngai) បានឱ្យ​ដឹង​ថា មាន​តែ​ជ្រូក​ប្រហែល ៣០% ក្នុង​ខេត្ត​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​។ មន្ត្រីខេត្ត​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា វា​មិន​ច្បាស់​ថា ហេតុ​អ្វី​បានជា​អត្រា​ទាប​នោះ​ទេ វា​អាច​ជា​បញ្ហា​នៃ​ភាព​អាច​រកបាន ក៏​ដូច​ជា​ប្រសិទ្ធភាព ឬ​ថ្លៃដើម​នៃ​វ៉ាក់សាំង​។

នាយកដ្ឋាន​សុខភាព​សត្វ​ក្រសួងកសិកម្ម​វៀតណាម មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​ការ​អត្ថាធិ​ប្បាយ​របស់ Reuters ជុំ​បញ្ហា​នេះ​ទេ ស្រប​ពេល​ដែល​ការ​ហៅ​ទូរ​សព្ទ​ទៅ​កាន់ AVAC Vietnam JSC ដែល​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដ៏​សំខាន់​របស់​ប្រទេស​វៀតណាម​ទៀត​សោត ក៏​មិន​មានការ​ឆ្លើយ​តប​ដូច​គ្នា​។ AVAC ធ្លាប់​បាន​លើក​ឡើង​កាលពី​ខែ​មុន​ថា ខ្លួន​បាន​លក់​វ៉ាក់សាំង​ចំនួន​៣​លាន​ដូ​ស​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​បាន​នាំ​ចេញ​ចំនួន ៦០​ម៉ឺន​ដូ​ស​ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន និង​ឥណ្ឌូ​ណេ​ស៊ី​ផង​ដែរ​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ