ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CNC ​ប្រមូល​អ្នកមាន​ខ្សែក្រវាត់​4​រូប​ឡើង​ប្រកួត​ដណ្ដើម​ទឹកប្រាក់​4​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍​ CNC ​សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ភេសជ្ជៈ​គោ​ជល់ រៀបចំ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​គឺ​ប្រមូល​អ្នកមាន​ខ្សែក្រវាត់ ជើងឯក ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​អ្នកមាន​ខ្សែក្រវាត់​ជើងឯក ដើម្បី​ដណ្ដើម​យក​ប្រាក់​រង្វាន់​៤​ពាន់​ដុល្លារ​ដោយ​ចំណាយពេល​ត្រឹមតែ​៣​ស​ប្ដា​ហ៍​ប៉ុណ្ណោះ​។ លោក…

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍​ CNC ​សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ភេសជ្ជៈ​គោ​ជល់ រៀបចំ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​គឺ​ប្រមូល​អ្នកមាន​ខ្សែក្រវាត់ ជើងឯក ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​អ្នកមាន​ខ្សែក្រវាត់​ជើងឯក ដើម្បី​ដណ្ដើម​យក​ប្រាក់​រង្វាន់​៤​ពាន់​ដុល្លារ​ដោយ​ចំណាយពេល​ត្រឹមតែ​៣​ស​ប្ដា​ហ៍​ប៉ុណ្ណោះ​។

លោក ហូរ រតនៈ ប្រធាន​ទីផ្សារ​និង​តំណាង ស្ថានីយទូរទស្សន៍​CNC​បានឱ្យ​ដឹង​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​១០ សីហា​កន្លង​មកនេះ​ថា ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ពានរង្វាន់​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ ជើងឯក​ប៉ះ​គ្នា​លើក​នេះ គឺជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ឆ្នាំ​២០១៩ ដែល​មិន​ធ្លាប់​មាន​ឡើយ ។

លោក​បញ្ជាក់​ថា ពី​មុន​យើង​ធ្លាប់​រៀបចំ​ឱ្យ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ស្ទើរតែ​គ្រប់​ប្រភេទ​ទម្ងន់​រួច​ទៅ​ហើយ តែ​ពេល​នេះ​យើង​រៀបចំ​ខុស​ប្លែក​ពី​មុន គឺ​តម្រូវ​ឱ្យ​មានការ​ប៉ះ​គ្នា​រវាង​ម្ចាស់​ជើងឯក​និង​ជើងឯក ដែល​មាន​កីឡាករ​ម្ចាស់​ខ្សែក្រវាត់​ចំនួន​៤​រូប ក្នុង​នោះ​កីឡាករ​កម្ពុជា​២​រូប​គឺ​រឿង សោ​ភ័​ណ្ឌ និង​ឡុ​ង សុ​ភី និង​កីឡាករ​ថៃ​២​រូប​គឺ​ឈឹង​ឆៃ គៀត​សះ​ម៉ា​ន​ឆៃ​និង​កង​ថៃ​លៀន កៀត​ណា​វី ។ ការ​ប្រកួត​ត្រូវ​ប្រើ​ពេល​មិន​ដល់​៣​ស​ប្ដា​ហ៍​ផង​ទេ​តែ​សម្រាប់​ម្ចាស់​ជើងឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៤​ពាន់​ដុល្លារ​អា​មេ​រិ​ក រីឯ​ជើងឯក​រង​ទទួល​បាន​១​ពាន់​ដុល្លារ ។ លោក​សម្ដែង​ការ​ជឿជាក់​ថា ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំង​មិន​ខាន​។

លោក មាន សំ​អុល ប្រធាន​ទីផ្សារ​ក្រុមហ៊ុន​គោ​ជល់​បានឱ្យ​ដឹង​ថា តាម​រយៈ​កម្មវិធី អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​-​ជើងឯក​ប៉ះ​គ្នា នេះ​គឺជា​លើក​ទី​១១ ហើយ​អ្នក​ដែល​ឈ្នះ​ក្លាយជា​ម្ចាស់​ជើងឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​១៦​លាន​រៀល រីឯ​អ្នក​លេខ​២​ទទួល​បាន​ប្រាក់​រង្វាន់​៤​លាន​រៀល​។

លោក​សង្ឃឹមថា ការ​ប្រកួត​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​ពេញ​និយម​សម្រាប់​អ្នក​តាមដាន​ការ​ប្រកួត​មិន​ខាន​។

ទន្ទឹម​គ្នា​នេះ​ដែរ លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​រំលឹក​ថា កម្មវិធី​​ប្រកួត​កីឡាប្រដាល់​ថ្ងៃនេះ​ពិតជា​បាន​រួមចំណែក​ធ្វើ​ឱ្យ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​មានការ​រីក​ចម្រើន ជា​ពិសេស​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

មិន​តែប៉ុណ្ណោះ លោក​ក៏​បាន​ផ្ដាំផ្ញើ​ទៅ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យក​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ គោរព​ឱ្យ​បាន​នូវ​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន ហើយ​ត្រូវ​ឈរ​លើ​គោលការណ៍​សហការ​ឱ្យ​បាន​ល្អ និង​គោរព​បទ​បញ្ជា​នៃ​ការ​ប្រកួត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ