រាជធានីភ្នំពេញ ៖ វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡាបានចាប់ផ្តើមបើកជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៤ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃ NOCC លោកបណ្ឌិតច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលជាគ្រូឧទ្ទេសនាមក្នុងវគ្គនេះ ព្រមទាំងសិក្ខាកាមចំនួន៤០នាក់ដែលជាអ្នកសារព័ត៌មានជាតិមកពី២៧អង្គភាពផងដែរ ។
ថ្លែងក្នុងឱកាសនោះ លោកវ៉ាត់ ចំរើន មានប្រសាសន៍ថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា ដែលបានបើកនៅថ្ងៃនេះនឹងធ្វើការបណ្តុះបណ្តាលសិក្ខាកាមអំពីការប្រើប្រាស់ភាសាខ្មែរ អក្ខរាវិរុទ្ធភាសាខ្មែរនៅក្នុងអាជីពជាអ្នកសារព័ត៌មានទាក់ទងទៅនឹងកីឡានាពេលបច្ចុប្បន្ននេះដើម្បីឱ្យទាន់ការវិវត្តន៍តាមសម័យកាលទំនើប ។ លោកបន្តថា វគ្គសិក្សានេះនឹងបង្កភាពងាយស្រួលបន្ថែមទៀតទៅលើអាជីពការងាររបស់អ្នកសារព័ត៌មានផ្នែកព័ត៌មានកីឡា ក៏ដូចជាអ្នកយកព័ត៌មានទូទៅ ។ វគ្គសិក្សានេះនឹងក្លាយជាមរតកមួយនៅក្នុងអាជីពជាអ្នកសារព័ត៌មានកីឡា ដើម្បីជំរុញឱ្យមានការផ្តល់ព័ត៌មានបានលឿនទាន់ហេតុការណ៍ទៅតាមព្រឹត្តិការណ៍ ទាំងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសកីឡាគឺជាចំណីអារម្មណ៍របស់ទូរទស្សនិកជន ដូច្នេះអ្នកយកព័ត៌មានកីឡាត្រូវចេះប្រើប្រាស់ពាក្យពេចន៍ក្នុងការសរសេរបញ្ចេញបញ្ចូលធ្វើឱ្យអ្នកទស្សនា និងអ្នកអានកាន់តែមានការជក់ចិត្តដិតអារម្មណ៍ថែមទៀត ។
ក្នុងឱកាសនេះដែរ លោកវ៉ាត់ ចំរើន ក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ដែលជាអ្នកសារព័ត៌មានកីឡា ក៏ដូចជាអ្នកសរសេរព័ត៌មានទូទៅត្រូវយកចិត្តទុកដាក់នៅក្នុងការតាមដានរាល់ការពន្យល់ ការចោទសួរនៅក្នុងវគ្គនីមួយៗរបស់វាគ្មិនដែលជាអ្នកជំនាញពន្យល់ប្រាប់អំពីការប្រើប្រាស់ភាសាសំណេរ ប្រយោគនៃការសរសេរ ក៏ដូចជាទម្រង់បែបបទនៃការសរសេរព័ត៌មានឱ្យមានការទាក់ទាញអារម្មណ៍ដល់អ្នកទស្សនា និងអ្នកស្តាប់ ។ លោកបណ្ឌិតអក្សរសាស្ត្រ ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលជាគ្រូឧទ្ទេសនាមនៅក្នុងវគ្គនេះ បានលើកឡើងពីការប្រើប្រាស់អក្ខរាវិរុទ្ធ និងសំណេរ ព្រមទាំងការអត្ថាធិប្បាយធ្វើយ៉ាងម៉េចឱ្យសមស្របទៅតាមព្រឹត្តិការណ៍ដែលកំពុងតែចាប់ផ្តើម ជាពិសេសនោះគឺធ្វើបែបណាដើម្បីឱ្យអ្នកទស្សនាមើលហើយជក់ចិត្ត មិនមានអារម្មណ៍ខ្លាចរអាចំពោះកីឡា ។ យើងបានដឹងហើយថា កីឡានាំមកនូវមិត្តភាព សាមគ្គីភាព សុខភាពល្អ និងមានភាពរឹងមាំ មិនមែនគួរឱ្យខ្លាចឡើយ ។
លោកបន្តថា ជាការពិតណាស់ ការប្រើប្រាស់ភាសាសំខាន់ណាស់ ព្រោះភាសាអាចនាំមកនូវការសាមគ្គីភាព បង្រួបបង្រួម និងអាចធ្វើឱ្យបែកបាក់បានដោយសារការប្រើប្រាស់វាមិនត្រឹមត្រូវ ។ លោកបានសំណូមពរដល់បណ្តាសារព័ត៌មានទាំងអស់ ធ្វើយ៉ាងណាប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមរម្យ ហើយជាពិសេសនោះគឺបណ្តាសហព័ន្ធកីឡាក្នុងស្រុក គួរតែបង្កើតនូវពាក្យណាដែលយើងប្រើប្រាស់ជាផ្លូវការដើម្បីឱ្យមានភាពងាយស្រួលក្នុងការអត្ថាធិប្បាយ ឬសរសេរ ចៀសវាងមានការយល់ច្រឡំ ឬ
ខុស ។ សូមបញ្ជាក់ផងដែរថា វគ្គសិក្សានេះគ្រូឧទ្ទេសនាមដែលចូលរួមធ្វើបទបង្ហាញមានលោកវ៉ាត់ ចំរើន បកស្រាយលើប្រធានបទ «ការប្រើប្រាស់ភាសាខ្មែរ បច្ចេកទេសកីឡា ពាក្យពេចន៍កីឡា, ក្រមសីលធម៌កីឡា (Fair Play) ឱ្យបានត្រឹមត្រូវ» ។ លោកបណ្ឌិតច័ន្ទ សំណព្វ បកស្រាយលើប្រធានបទ «ការរៀបចំរចនាសម្ព័ន្ធប្រយោគក្នុងភាសាខ្មែរ និងអក្ខរាវិរុទ្ធ» និងលោកឌឹម សុវណ្ណារុ៉ម មន្ត្រីទំនាក់ទំនងសាធារណៈនៃសាលាក្តីខ្មែរក្រហម បកស្រាយលើប្រធានបទ «ខ្លឹមសារព័ត៌មាន របៀបរៀបចំបទយកការណ៍សោតទស្សន៍» ។
សម្រាប់ថ្ងៃទី២០ កុម្ភៈ ដែលជាថ្ងៃបិទបញ្ចប់កម្មវិធី នឹងមានការចូលរួមប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមដែលជាអ្នកសារព័ត៌មានកីឡាពីសំណាក់លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕
ចែករំលែកព័តមាននេះ