រាជធានីភ្នំពេញ ៖ មានការតវ៉ាយ៉ាងខ្លាំងជុំវិញលទ្ធផលការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់IPCC Kun Khmer ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនៅលើសង្វៀនថោន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ រវាងកីឡាករសែន ចាន់រិទ្ធីស័ក ហៅ Alex មកពីក្លិបខ្លារខិនមានរិទ្ធ និងកីឡាករប៉ែន កាក់ រាជសីហ៍ មកពីក្លិបសេន ប៊ុនថេន ប៉ែនកាក់គុនខ្មែរ ។
ការតវ៉ាបានកើតមានឡើងក្រោយចប់ការប្រកួតប្រកួត៥ទឹកពេញ ហើយជាលទ្ធផលក្នុងចំណោមចៅក្រមទាំង៥រូប មានចៅក្រម៤រូបបានដាក់ពិន្ទុឱ្យកីឡាករប៉ែនកាក់ រាជសីហ៍ឈ្នះ និងមានតែចៅក្រម១រូបប៉ុណ្ណោះដែលដាក់ពិន្ទុឱ្យកីឡាករAlexឈ្នះ ។ ការដាក់ពិន្ទុនេះបានធ្វើឱ្យលោកស៊ុន រីគី គ្រូបង្វឹករបស់កីឡាករAlexផ្ទុះប្រតិកម្មយ៉ាងខ្លាំង ដោយបានចោទប្រកាន់ទៅលើចៅក្រមដាក់ពិន្ទុមិនមានភាពសុក្រឹត យុត្តិធម៌សម្រាប់កូនសិស្សរបស់លោក។
មិនតែប៉ុណ្ណោះលោកបានសំណូមពរទៅដល់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរចាក់វីដេអូមើលសាឡើងវិញ បើសិនជាឃើញថា កូនសិស្សរបស់លោកឈ្នះមែនសូមប្រគល់ខ្សែក្រវាត់និងប្រាក់រង្វាន់មកឱ្យកូនសិស្សលោកវិញ ។ លោកបានចោទជាសំណួរថា តើចៅក្រមទាំងអស់នេះរៀនមកពីណា សូម្បីតែអ្នកមើល៩០ភាគរយបានឱ្យកីឡាករAlexជាអ្នកឈ្នះដែរ ព្រោះការប្រកួត៥ទឹក កីឡាករAlexឈ្នះ៤ទឹក មានតែ១ទឹកប៉ុណ្ណោះដែលកីឡាករប៉ែនកាក់ រាជសីហ៍ឈ្នះ។
សម្រាប់លោកសេន ប៊ុនថេន ដែលជាគ្រូបង្វឹករបស់កីឡាករប៉ែនកាក់ រាជសីហ៍ បានមើលឃើញផ្ទុយស្រឡះពីលោកស៊ុន គីរីថា ការប្រកួត៥ទឹកពេញគឺកីឡាករប៉ែនកាក់ រាជសីហ៍ ជាអ្នកឈ្នះ៤ទឹកដាច់ទៅហើយ ។ លោកថា ការប្រកួតនេះត្រូវមើលឱ្យបានច្បាស់ ទាល់តែវាយត្រូវគោលដៅទើបចៅក្រមគេឱ្យពិន្ទុ ។ លោកបន្តថា វាជារឿងដដែលៗសម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ទៅហើយ គឺអ្នកចាញ់មិនដែលទទួលស្គាល់លទ្ធផលនៃការកាត់ក្ដីរបស់ចៅក្រម អាជ្ញាកណ្ដាល ដែលឱ្យសិស្សរបស់ខ្លួនចាញ់នោះទេ ។ លោកក៏មិនជំទាស់អ្វីដែរ បើសិនជាមានការចាក់វីដេអូមើលសាឡើងវិញឃើញថាកូនសិស្សរបស់លោកចាញ់មែន លោកមិនមានការរារែកក្នុងចិត្តបន្តិចណាឡើយក្នុងការប្រគល់ខ្សែក្រវាត់ និងប្រាក់រង្វាន់ជូនកីឡាករAlexវិញ។
ឯកឧត្តមខូវ ឆាយ បានលើកឡើងជុំវិញហេតុការណ៍នេះថា សម្រាប់ការប្រកួតនេះពិតជាមានលទ្ធផលចាញ់ឈ្នះប្រផិតប្រផើយមែន ។
លោកបានប្រាប់ទៅដល់លោករីគី ឱ្យដាក់ពាក្យបណ្ដឹងទៅតាមនីតិវិធីត្រឹមត្រូវដើម្បីពិនិត្យមើលការកាត់ក្ដីឱ្យបានត្រឹមត្រូវឡើងវិញ។ សហព័ន្ធនឹងកោះហៅគណៈកម្មការបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធមើលវីដេអូសាឡើងវិញដើម្បីស្វែងរកអ្នកឈ្នះចាញ់ពិតប្រាកដ។
ប៉ុន្តែលោករីគី មិនបានដាក់ពាក្យបណ្ដឹងនោះទេកាលណាធ្វើអ្វីដែលមិនស្របតាមនីតិវិធីវាពិតជាមានការលំបាកខ្លាំង ។ សហព័ន្ធចេះតែចង់រកភាពយុត្តិធម៌ជូនហើយ ប៉ុន្តែឯកឧត្តមិនចង់ធ្វើអ្វីដែលមិនស្របតាមនីតិវិធីនោះទេ ជៀសវាងនូវការរិះគន់ និងទទួលបានការសាទរពីមហាជន។
មិនតែប៉ុណ្ណោះ ឯកឧត្តមក៏មិនចង់ឮពាក្យរិះគន់ពីមហាជនថា មានខ្សែដែរ ព្រោះក្លិបប្រដាល់គុនខ្មែរទាំងអស់សុទ្ធតែជារបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរតែមួយ ៕


ចែករំលែកព័តមាននេះ