រាជធានីភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុមជម្រើសជាតិតាហ្ស៊ីគីស្ថាន សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅវេលាម៉ោង ០៧:០០នាទីយប់នេះ ខណៈជំនួបនេះ គឺជាឱកាសមាសសម្រាប់កីឡាករវ័យក្មេងកម្ពុជាបង្កើនសមត្ថភាព។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៤ ខែមិថុនា លោក Koji Gyotoku បានផ្តល់ឱកាសដល់កីឡាករវ័យក្មេងដើម្បីបង្ហាញ ក៏ដូចជាបង្កើនសមត្ថភាពរបស់ពួកគេក្នុងការប្រកួតតទល់ជាមួយក្រុមខ្លាំង ដែលមានកីឡាករកម្រិតខ្ពស់ជាច្រើន។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានថ្លែងដូច្នេះថា «ពួកយើងពិតជារីករាយមែនទែនដែលបានលេងជាមួយក្រុមកំពុងរីកចម្រើនដូចជា តាហ្ស៊ីគីស្ថាន។ ក្រុមជម្រើសជាតិតាហ្ស៊ីគីស្ថាន គឺជាក្រុមខ្លាំង កម្រិតគេខ្ពស់ ហើយកីឡាកររបស់គេក៏មានគុណភាពទៀត»។

ពាក់ព័ន្ធនឹងការប្រមូលផ្តុំប្រកួតនេះ ប្រើប្រាស់កីឡាករក្មេងៗច្រើន លោកបានបញ្ជាក់ថា ដោយសារតែបញ្ចប់រដូវកាលនេះ កីឡាករមួយចំនួនស្បើយពីការនឿយហត់បន្តិច និងខ្លះក៏ជួបបញ្ហារបួស មិនអាចចូលរួមបាន ប៉ុន្តែបើទោះជាអវត្តមានកីឡាករសំខាន់ៗមួយចំនួនក្តី ក៏ក្រុមរបស់លោកនឹងព្យាយាមលេងឱ្យបានល្អ។ ហើយអ្វីដែលលោកចង់បានពីកីឡាករវ័យក្មេង ដែលលោកនឹងដាក់ឱ្យលេងទល់នឹងតាហ្ស៊ីគីស្ថាន គឺលោកចង់ឱ្យពួកគេព្យាយាម និងខំប្រឹងលេងឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញថា ពួកគេអាចធ្វើបាន និងអាចលេងបានល្អជាងកីឡាករដែលអវត្តមាន។

ដោយឡែក លោក Gela Shekiladze គ្រូបង្វឹកក្រុមជម្រើសជាតិតាហ្ស៊ីគីស្ថាន បានអះអាងថា លោកបានដឹងអំពីការអវត្តមានកីឡាករសំខាន់មួយចំនួនរបស់កម្ពុជា ប៉ុន្តែទោះយ៉ាងណា លោកជឿថា កម្ពុជានឹងលេង ១០០% ហើយចំណែកក្រុមរបស់យើងក៏នឹងខំប្រឹងដូចគ្នា គឺក្រុមទាំង២ នឹងលេង១០០%ដូចគ្នា។

បច្ចុប្បន្នភាពនៅតារាងចំណាត់ថ្នាក់ពិភពលោក FIFA Ranking កម្ពុជានៅចំណាត់ថ្នាក់ទី១៨១ ខណៈដែលតាហ្ស៊ីគីស្ថាន ឈរនៅចំណាត់ថ្នាក់ទី១០៤ ដ្បិតក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នាតែម្តងគត់ កាលពីឆ្នាំ ២០១១ ដែលជាការប្រកួតជំនួបមិត្តភាព ដោយកាលណោះ កម្ពុជាបានចាញ់ដោយលទ្ធផល ០-៣៕ រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ចែករំលែកព័តមាននេះ