រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញថា កីឡាករថ្នាលគុនខ្មែរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសគឺអ្នកស្ថិតក្នុងវិស័យកីឡាមួយនេះតែម្ដងដែលកំពុងតែខិតខំជួយអភិវឌ្ឍសមត្ថភាពកីឡាករវ័យក្មេងឱ្យក្លាយទៅជាអ្នកបន្តវេនគុនខ្មែរនាថ្ងៃអនាគតប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់ ។ តាមរយៈការជួយជ្រោមជ្រែងនិងគាំទ្រនេះហើយ ធ្វើឱ្យថ្នាលគុនខ្មែរបច្ចុប្បន្នផលិតបានធនធានកីឡាករវ័យក្មេងល្អៗអាចឡើងប្រកួតទាំងលើសង្វៀនក្នុងស្រុកនិងក្រៅស្រុកដូចជាកីឡាកររិទ្ធី គីងកុង និងរិទ្ធី លីហួ ជាដើម។
ក្រៅពីកីឡាករថ្នាលជើងខ្លាំងទាំងពីររូបខាងលើ កីឡាករវីរៈ ហោះហើរ មកទល់ពេលនេះក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរផងដែរ ក្រោយពីរូបគេដណ្ដើមបានពានមាសក្នុងប្រភេទទម្ងន់២៥គីឡូក្រាមនៅលើសង្វៀនទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។
កីឡាករថ្នាលគុនខ្មែរដែលទើបតែមានអាយុ១២ឆ្នាំរូបនេះ រយៈពេលមិនដល់១ឆ្នាំផងទទួល
បានឱកាសឡើងសង្វៀនប្រកួតរហូតដល់ទៅ២០ដង ក្នុងនោះចាញ់តែ២ដងទាំងមិនអស់ចិត្តគឺចាញ់កីឡាកររិទ្ធី គីងកុង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់នៅលើសង្វៀនបានរហូតដល់ទៅ៧ដង។
តាមរយៈភាពខ្លាំងនៅលើសង្វៀននិងបច្ចេកទេសវាយមិនងាយដកថយរបស់គេនេះហើយធ្វើឱ្យចំនួនអ្នកគាំទ្រកាន់តែមានការកើនឡើង។
លោក ម៉ន វីរៈ ដែលជាគ្រូបង្វឹករបស់កីឡាករវីរៈ ហោះហើរ នៅក្លិបពន្លឺថ្មីព្រែកឯងកីឡា បានឱ្យកោះសន្តិភាពដឹងថា កូនសិស្សរបស់លោករូបនេះដើមឡើយធ្លាប់តែដើរប្រកួតនៅក្នុងកម្មវិធីបុណ្យតាមភូមិដើម្បីយកប្រាក់ចាយវាយប៉ុណ្ណោះមិនបានគិតពីការកសាងកេរ្តិ៍ឈ្មោះក្នុងពិភពប្រដាល់អ្វីឡើយ ។
ក្រោយពីលោកយកមកចូលរួមក្នុងក្លិប គេបានគិតពីរឿងនេះឡើងវិញដោយតាំងចិត្តប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ។ ជាក់ស្ដែងក្រៅពីម៉ោងសិក្សានៅសាលាគេតែងមកហ្វឹកហាត់ក្នុងក្លិបជាប់ជាប្រចាំ មិនដែលចំណាយពេលដើរលេងផ្ដេសផ្ដាសនោះទេ។
លោកគ្រូម៉ន វីរៈ បានឱ្យដឹងទៀតថា នេះជាពានទី២ហើយដែលកីឡាករវីរៈ ហោះហើរដណ្ដើមបាន ។
ពានទី១គឺជាពានប៊ូស្ត្រង ដណ្ដើមបានកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ដោយបានយកឈ្នះពិន្ទុលើកីឡាករនាគ តៅហ៊ូ មកពីក្លិបនាគនាំសំណាងនរាយណ៍តេជៈគុនខ្មែរ។ជាមួយគ្នាកីឡាករវីរៈ ហោះហើរ បានបង្ហាញពីការមិនអស់ចិត្តចំពោះការបរាជ័យក្រោមថ្វៃដៃកីឡាកររិទ្ធី គីងកុងទាំងពីរលើកដោយពិន្ទុធ្វើឱ្យលោកគ្រូម៉ន វីរៈ ប្រកាសដាច់ខាតមិនឱ្យវីរៈ ហោះហើរ ប្រកួតជាមួយរិទ្ធី គីងកុង ជារៀងរហូត ព្រោះលោកគិតថា ការកាត់ក្ដីវាអយុត្តិធម៌ខ្លាំងពេក ។ លោកគិតថា វីរៈ ហោះហើរ ឈ្នះ
ហើយបែរជាគេលើកដៃឱ្យចាញ់ទៅវិញ។
តាមប្រភពព័ត៌មាន វីរៈ ហោះហើរ ត្រូវបានផ្គូផ្គងឱ្យប៉ះជាមួយកីឡាករអាវៃរាប រុងរឿងមកពីក្លិបអភិរក្សគុនខ្មែររុងរឿង នៅលើសង្វៀនប៉ុស្តិ៍លេខ៥ សប្ដាហ៍ក្រោយនេះ ។ តាមការឱ្យដឹងបន្ថែម កីឡាករអាវៃរាប រុងរឿង ធ្លាប់ចាញ់វិរៈ ហោះហើរ ចំនួន២លើករួចមកហើយទើបគេតាមមកសងសឹកម្ដងទៀតក្រែងមានឱកាសស្ដារដើមមកវិញបានខ្លះ ។ ទោះបីជាយ៉ាងណា អ្នកតាមដានការប្រកួតភាគច្រើនគិតថា ប្រហែលជាទៅមិនរួចនោះទេ ព្រោះមួយរយៈចុងក្រោយនេះ វិរៈ ហោះហើរ ស៊ីរាបអស់ហើយ ៕


ចែករំលែកព័តមាននេះ