យោងតាមប្រភពព័ត៌មានពីគេហទំព័រយូហ្វាខាប់ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៨ កុម្ភៈ ២០១៤ បានឱ្យដឹងថា កីឡាករខ្សែការពារកណ្តាល Gonzalo Rodriquez នឹងអវត្តមានពីក្លិប Fiorentina ក្នុងយុទ្ធនាការប្រកួតយូហ្វាខាប់វគ្គ៣២ក្រុមជើងទី១ នៅក្នុងទឹកដីក្រុមបាល់ទាត់ដាណឺម៉ាក Esbjerg ។
កីឡាករខ្សែការពារដ៏រឹងមាំរូបនេះ បានរងរបួសភ្លៅក្នុងអំឡុងពេលហ្វឹកហាត់ក្នុងជំរំ ហើយនេះគឺជាក្តីកង្វល់ថ្មីមួយទៀតរបស់លោក Vincenzo គ្រូបង្វឹកក្លិប Fiorentina បន្ទាប់ពីកីឡាករខ្សែការពារ Stesan ក៏រងរបួសដែរ ។នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Fiorentina បានឱ្យដឹងលម្អិតថា កីឡាករវ័យ២៩ឆ្នាំ ដែលធ្លាប់រកគ្រាប់បាល់បាន២គ្រាប់ ក្នុងការបង្ហាញវត្តមានយូហ្វាខាប់៧ប្រកួត នឹងត្រូវធ្វើការវះកាត់ដើម្បីធ្វើឱ្យប្រាកដថា គាត់អាចនឹងវិលចូលទីលានប្រកួតវិញបាន នាពេលឆាប់ៗខាងមុខនេះ ។
គួររំឭកដែរថា កីឡាករសញ្ជាតិអាហ្សង់ទីន បានចូលមកលេងឱ្យក្លិប Fiorentina បន្ទាប់ពីផ្លាស់មកពីក្លិប Villarreal តាំងពីឆ្នាំ២០១២ ។ នៅជាមួយក្លិប Fiorentina ធ្លាប់បានបង្ហាញវត្តមាន៥៥លើក និងសុ៊ុតបាល់បញ្ចូលទីបាន៨ គ្រាប់ ៕
ចែករំលែកព័តមាននេះ