យោងតាមលោក Bernie Ecclestoneប្រធានហ្វមមូឡាវ័នពិភពលោកឱ្យដឹងថា ភាពគ្មានគូប្រៀបរបស់កីឡាករអាល្លឺម៉ង់សេបាស្ទៀន វេតទែល នៅក្នុងវិស័យកីឡាប្រណាំងរថយន្តមួយនេះ គឺជាបុព្វហេតុចម្បងនៃការបាត់បង់អ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍៥០លាននាក់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ទស្សនៈរបស់លោក Ecclestone បែបនេះបានកើតមានក្រោយពីមានការចេញផ្សាយរបាយការណ៍សាកលប្រចាំឆ្នាំ២០១៣ របស់ហ្វមមូឡាវ័ន ដែលក្នុងរបាយការណ៍នោះបានបញ្ជាក់ពីចំនួនអ្នកទស្សនាការប្រណាំងអំឡុងរដូវកាល ។ ១២ខែកន្លងផុតទៅ ក្រុមអ្នកគ្រប់គ្រងហ្វមមូឡាវ័ន (FOM) មិនបានចុះផ្សាយពីតួលេខសរុបនៃអ្នកទស្សនាតាមទូរទស្សន៍នោះទេ បើទោះណា មានការប៉ាន់ស្មានថា តួលេខអាចធ្លាក់មកនៅត្រឹមកន្លះពាន់លានក្តី ។ ទោះជាយ៉ាងនេះក្តី នៅឆ្នាំនេះ FOM គេចមិនផុតពីការបង្ហាញតួលេខពិតប្រាកដនៃការធ្លាក់ចុះចំនួនអ្នកទស្សនាដល់ទៅ១០ភាគរយនោះឡើយ ។
ការធ្លាក់ចុះច្រើនជាងគេមាននៅក្នុងប្រទេសចិន និងប្រេស៊ីលដោយគិតជាតួលេខគឺប្រហែលជា៣០លាននាក់ ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ នៅលើទឹកដីកំណើតរបស់កីឡាករវេតទែល ចំនួនអ្នកទស្សនាក៏បានធ្លាក់ចុះប្រមាណជា ១០ភាគរយផងដែរ ។ ប៉ុន្តែផ្ទុយពីនេះ នៅចក្រភពអង់គ្លេស ចំនួនអ្នកបង់លុយទស្សនាតាមប្រព័ន្ធទូរទស្សន៍ពីរគឺ Sky Sports F1 និង BBC បានកើនឡើងប្រមាណ២ភាគរយ ។
នៅទន្ទឹមគ្នានឹងការព្រួយបារម្ភពីការធ្លាក់ចុះចំនួនអ្នកបង់លុយទស្សនាតាមទូរទស្សន៍នេះ លោក Ecclestone បានអះអាងថា បើពិនិត្យជាទូទៅ ហ្វមមូឡាវ័ន ស្ថិតនៅលំដាប់លើគេក្នុងប្រភេទកីឡាដែលមានអ្នកទស្សនាច្រើនបំផុតក្នុងលោក ។ តាមរយៈទូរទស្សន៍ដែលជាដៃគូ១១១ប៉ុស្តិ៍ ហ្វមមូឡាវ័ន ត្រូវបានផ្សព្វផ្សាយទៅកាន់១៨៥ប្រទេសក្នុងលោក ។ សូមបញ្ជាក់ថា រយៈពេល៤ឆ្នាំចុងក្រោយនេះ ពានជើងឯកពិភពលោកត្រូវបានវេតទែលគ្រប់គ្រងតែម្នាក់ឯង ។
នៅស្ទើរគ្រប់កម្មវិធីប្រណាំងក្នុងរដូវកាលនីមួយៗ គេឃើញតែឈ្មោះរបស់វេតទែល ដែលឈរនៅលំដាប់លើគេ ។ ក្នុងកម្មវិធីប្រណាំងខ្លះដែលមិនមានឈ្មោះរបស់របស់គេជាអ្នកឈ្នះពាន ក៏ព្រោះតែរូបគេអវត្តមានប៉ុណ្ណោះ ។ សរុបជ័យជម្នះក្នុងអាជីព ដែលចាប់ផ្តើមកាលឆ្នាំ២០០៧ វេតទែល ឈ្នះបាន៣៩លើក ៕
ចែករំលែកព័តមាននេះ