កីឡាការិនីអាមេរិក ស៊េរីណា វីលៀម បានឆ្លងផុតជុំទី២ ប្រកួតវាយកូនបាល់កម្មវិធី Dubai Tennis Championships បន្ទាប់ពីបានយកឈ្នះកីឡាការិនីរុស្ស៊ី Ekaterina Makarova ក្នុងលទ្ធផល៧-៦ និង៦-០ កាលពីថ្ងៃអង្គារ ទី១៨ កុម្ភៈ ។ ការប្រកួតនេះត្រូវបានរៀបចំធ្វើនៅក្រុងឌូបៃប្រទេសអារ៉ាប់រួម ។
សម្រាប់នាងស៊េរីណា ការប្រកួតលើកនេះនាងហាក់ធ្វើមិនបានល្អណាស់ណាទេ ជាពិសេសនៅសិតទី១ ។ នៅសិតនេះ នាងត្រូវធ្វើការច្រើនដើម្បីទប់ទល់សឺវីសដៃឆ្វេងរបស់នាង Makarova ។ ទោះជាយ៉ាងណា នៅសិតទី២ សឺវីសដ៏ខ្លាំងរបស់ Makarova គ្មានប្រសិទ្ធភាពលើស៊េរីណា ទៀតឡើយ ។ សូមបញ្ជាក់ថា នេះជាការប្រកួតលើកទី១ របស់នាងហើយចាប់តាំងពីពេលដែលនាងចាញ់ក្រោមថ្វីដៃនាងអាណា អុីវ៉ាណូវិច ក្នុងជុំទី៤ ក្របខ័ណ្ឌ Australian Open ខែកន្លងទៅ ។ នាងបានថ្លែងថា ៖ «ខ្ញុំមានអារម្មណ៍ហាក់ដូចជារឹងដៃរឹងជើងបន្តិច ។ ប៉ុន្តែ វាមិនបង្កបញ្ហាធ្ងន់ធ្ងរនោះទេ ។ អ្វីដែលខ្ញុំចង់បាននៅពេលនេះគឺធ្វើឱ្យជើងមានចលនារស់រវើកឡើងវិញ»។
ចំណែកនាង Simona Halep ជាកីឡាការិនីលំដាប់ទី៧ របស់កម្មវិធី បានដកខ្លួនមុនការបញ្ចប់សិតទី២ បន្ទាប់ពីរងរបួសសរសៃពួរជើង។ កីឡាការិនីលំដាប់ទី៩ ពិភពលោករូបនេះធ្លាប់បានបញ្ជាក់ថា ខ្លួនមានបញ្ហាសរសៃពួរនេះតាំងពីពេលដែលខ្លួនប្រកួតក្នុងប្រទេសកាតាមកម៉្លេះ។ នាងបានថ្លែងថា ៖ «ខ្ញុំចង់សាកល្បងក្រែងលោមានឱកាស ប៉ុន្តែធាតុពិតខ្ញុំមិនអាចទៅរួចទេ»។ កីឡាការិនីរូម៉ានីរូបនេះបានបន្ថែមថា ៖«ក្រោយបញ្ចប់សិតទី១ ខ្ញុំគិតថា វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនជានៅតែបន្ត»។
ដោយឡែក អតីតកីឡាការិនីលំដាប់ទី១ពិភពលោក ការ៉ូលីន វ៉ូនីអាកគី ក៏បានឈានចូលទៅជុំបន្តផងដែរ បន្ទាប់ពីបានយកឈ្នះកីឡាការិនីអាល្លឺម៉ង់ សាប៊ីន លីស៊ីកគី ក្នុងលទ្ធផល២-៦, ៦-៣ និង៦-៣ ។ នាងបានថ្លែងថា ៖ «វាជាការប្រពៃខ្លាំងណាស់ដែលបានយកឈ្នះការប្រកួតនៅពេលនេះ ។ នាងលីស៊ីកគី ពិតជាធ្វើបានល្អនៅសិតទី១ ។ ខ្ញុំគិតថា នៅសិតនេះខ្ញុំដើរក្រោយនាងមួយជំហាន»។
វ៉ូនីអាកគី ដែលជាម្ចាស់ពានកម្មវិធីនេះកាលឆ្នាំ២០១១ នៅជុំបន្ទាប់នឹងប៉ះជាមួយកីឡាការិនីអាល្លឺម៉ង់ Annika Beck ដែលបានបំបាក់នាងសាម៉ាន់ថា ស្តួសួ ជើងខ្លាំងមកពីអូស្ត្រាលីក្នុងលទ្ធផល១-៦, ៦-១ និង៦-៤ ។ ព្រមពេលជាមួយគ្នានោះ Jelena Jankovicកីឡាការិនីលំដាប់ទី៥ របស់កម្មវិធីបានបំបាក់កីឡាការិនីអ៊ុយក្រែន Maryna Zanevska ក្នុងលទ្ធផល៦-៤ និង៦-៣ ៕
ចែករំលែកព័តមាននេះ